ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទរំលោភសេពសន្ថវៈលើកុមារីអនីតិជន ក្រោយពីកម្លាំងនគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរ សំរិល ឃាត់ខ្លួនបាននៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត កាលពីរសៀលថ្ងៃ ទី១៨ ខែមេសា ឆ្នាំ ២០១៩ ។
មន្រ្តីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ យឹម ថារីន អាយុ ១៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ចំណែកកុមារីរងគ្រោះឈ្មោះ ល ស ភ អាយុ ១៣ ឆ្នាំ រស់នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត។

ការឃាត់ខ្លួនជនសង្ស័យនេះ គឺអនុវត្តតាមពាក្យបណ្តឹងរបស់ឪពុកម្តាយកុមារីរងគ្រោះដែលជនសង្ស័យប្រព្រឹត្ត កាលពីរសៀលថ្ងៃ ទី១៨ ខែមេសា ឆ្នាំ ២០១៩ ។ ហេតុការណ៍រំលោភសេពសន្ថវៈលើកុមារីអនីតិជននេះ បានកើតឡើងកាលពីយប់ថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ២០១៩ នៅក្រុមទី ៥ ភូមិអូរ សំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ។
ជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត ៕