ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្រោយពីបានហៅក្មេងស្រីជាសង្សារទើបមានអាយុ១៤ឆ្នាំ មកលេងផ្ទះរបស់ខ្លួន ដេកជាមួយគ្នាបាន៦យប់ និងរួមភេទបានសម្រេចជាច្រើនដង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនតាមពាក្យបណ្ដឹងម្ដាយខាងស្រី ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។
មន្រ្ដីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គា វ៉ាន់ដេត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។ រីក្មេងស្រីរងគ្រោះទើបមានអាយុ១៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា កន្លងមកយុវជនសង្ស័យ និងក្មេងស្រីរងគ្រោះមានទំនាក់ទំនងស្រឡាញ់គ្នា លុះមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ យុវជនសង្ស័យបានហៅក្មេងស្រីរងគ្រោះមកលេងផ្ទះរបស់ខ្លួននៅភូមិ/ឃុំកើតហេតុខាងលើ បានរយៈពេល៦យប់៦ថ្ងៃ រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ម្ដាយខាងក្មេងស្រីរងគ្រោះបានបាត់ក្មេងស្រីពីផ្ទះដោយពុំដឹងថាទៅណា ក៏ដើររក ស្រាប់តែទទួលព័ត៌មានថា ក្មេងស្រីរងគ្រោះកំពុងស្នាក់នៅផ្ទះជាមួយជនសង្ស័យ ភ្លាមនោះក៍ប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលក្រាំងយ៉ូវ ដើម្បីឃាត់ខ្លួនជនសង្ស័យ ចាត់ការតាមច្បាប់ ។

ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនយុវជនសង្ស័យ រួចយកមកសួរនាំ ខណៈនោះយុវជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះប្រាកដមែន ដែលក្នុងមួយយប់រួមភេទបានចំនួន២ដងៗ រយៈពេល៦យប់ ។
យុវជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី ៕