រាជធានីភ្នំពេញ៖ ស្រ្តីវ័យចំណាស់ជនជាតិចិនម្នាក់បានបាត់កូនប្រុសពីប្រទេសចិន អស់រយ:ពេល២ឆ្នាំមកហើយ បន្ទាប់ពីមានគេប្រាប់គាត់ថា ឃើញកូនប្រុសរបស់គាត់នៅភ្នំពេញ គាត់បានព្យាយាមតាមមករកឃើញកូនប្រុសមានជំងឺសរសៃប្រសាទនោះ ទាល់តែឃើញដូចបំណង ហើយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្រ្តីជនជាតិចិនជាម្ដាយបានធ្វើដំណើរមកកាន់ស្នាក់ការអន្តោប្រវេសន៍ ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ សុំឲ្យសមត្ថកិច្ចជួយបញ្ជូនកូនប្រុសរបស់គាត់ទៅព្យាបាលជំងឺសរសៃប្រសាទ (សតិមិនប្រក្រតី)នៅប្រទេសចិនវិញ ។

ស្រ្តីវ័យចំណាស់ជនជាតិចិន ជាម្ដាយនោះ ឈ្មោះ FANG JIE អាយុ៧១ឆ្នាំ រស់នៅប្រទេសចិន កាន់លិខិតឆ្លងដែនលេខ E60124285 ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ចំណែកបុរសជាកូនប្រុសនោះ ឈ្មោះ LIU ZHIQIANG ភេទប្រុស អាយុ ៤៤ឆ្នាំ មានជំងឺសរសៃប្រសាទ។

ស្ត្រីជាម្ដាយបានឲ្យដឹងថា គាត់បាត់កូនប្រុសម្នាក់នេះអស់រយ:ពេល២ឆ្នាំមកហើយ ដោយមិនដឹងថាគេទោទីណានោះទេ ។ បន្ទាប់ពីមានគេប្រាប់គាត់ថា ឃើញកូនប្រុសរបស់គាត់ឈ្មោះ LIU ZHIQIANG នៅភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ គាត់ជាម្ដាយបានជិះយន្តហោះមកដល់ប្រទេសកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយព្យាយាមរកកូន ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ទើបរកឃើញកូនប្រុសនេះ ហើយបាននាំកូនទៅលេងខេត្តសៀមរាប រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ពួកគាត់បានមកដល់ភ្នំពេញវិញ និងបានទៅសុំលិខិតបើកផ្លូវនៅស្ថានទូតចិន ដើម្បីឲ្យកូនប្រុសគាត់បានត្រឡប់ទៅប្រទេសចិនវិញ។ ប៉ុន្តែដោយសារកូនប្រុសគាត់គ្មានលិខិតឆ្លងដែន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត៕