រាជធានីភ្នំពេញ៖ បុរសម្នាក់ទៅស្រុកកំណើតជួបជុំប្រពន្ធកូនក្នុងពិធីបុណ្យចូលឆ្នាំថ្មី រួចជិះម៉ូតូត្រឡប់មកភ្នំពេញដើម្បីធ្វើការវិញ ស្រាប់តែត្រូវរថយន្តកុងតឺន័របើកកៀរនិងកិនស្លាប់ភ្លាមៗ កាលពីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនក្រេនស្ទារតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ផ្លូវវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះ ឈ្មោះល័ក្ខ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសិប្បកម្មឈើ នៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិ៣២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានប្រពន្ធនិងកូនស្រី២នាក់ក្នុងបន្ទុកផងដែរ ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI ស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR -2216 ធ្វើដំណើរពីជើងទៅត្បូងតែម្នាក់ឯង តាមបណ្ដោយផ្លូវទំនប់កប់ស្រូវក្នុងល្បឿនល្មម ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខ បានបើកមកពីក្រោយ ហើយកៀរជនរងគ្រោះឲ្យដួលអូសទាំងម៉ូតូ និងម្ចាស់អូសប្រហែល១០ម៉ែត្រ និងកិនជនរងគ្រោះចំពាក់កណ្ដាលខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ តែរថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេ បានបើកចូលការដ្ឋានក្រុមហ៊ុនរបស់ខ្លួនដែលនៅក្បែរនោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ និងបានធ្វើការស្រាវជ្រាវរករថយន្តបង្ក និងតៃកុងមកទទួលខុសត្រូវចំពោះមុខច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕