រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូដឹកស្រាបៀរHeineken ក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុករបាំងចែកទ្រូងទ្រូងផ្លូវ ហើយហោះផ្លោងទៅបុកបង្គោលភ្លើងបោកក្បាលស្លាប់ភ្លាមៗមួយរំពេច ។ ខណៈនោះដែរ ក៍មានជនឱកាសនិយមបន្លំធ្វើជាស្គាល់ជនរងគ្រោះ បានលួចយកកាបូបលុយ និងរបស់របរផ្សេងៗមួយចំនួនចេញទៅបាត់ថែមទៀត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-888 បានដឹកស្រាបៀរHeineken មួយកេស ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហើយផ្លោងបោកក្បាលជាមួយបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង គួរអោយសង្វេគ ។

ភ្លាមៗនោះ ក៍មានជនឱកាសនិយមមួយក្រុម បានមកបន្លំធ្វើជាស្គាល់ជនរងគ្រោះ បានលួចយកកាបូបលុយ និងរបស់របរផ្សេងៗមួយចំនួនចេញទៅបាត់ថែមទៀត។ ជនរងគ្រោះ មិនមានរបស់អ្វីសម្រាប់ទាក់ទងទៅសាច់ញាតិជនរងគ្រោះនោះឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ហើយទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យមកធ្វើការ វាស់វែង និងធ្វើកំណត់ហេតុ និងឲ្យរថយន្តសាមុយដឹកសពយកទៅតម្កល់ទុកនៅឯវត្ត រង់ចាំទាក់ទងទៅសាច់ញាតិឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី នៅពេលក្រោយ ។ រីឯម៉ូតូសមត្ថកិច្ចជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ៕