ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋជាង១០០នាក់ ដែលអាជ្ញាធរហៅថា ជនអនាធិបតេយ្យនោះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បាននាំគ្នាតវ៉ាសាជាថ្មីដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់បិទផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ប្រហែល១ម៉ោង ។ នៅពេលកម្លាំងនគរបាលខេត្តព្រះសីហនុ និងប្រជាការពារ ចុះទៅអន្ដរាគមន៍ ឲ្យពួកគេបើកផ្លូវឡើងវិញ ស្រាប់តែពួកគេគប់ដុំថ្មទៅលើកម្លាំងនគរបាល និងប្រជាការពារ បណ្ដាលឲ្យមន្ដ្រីនគរបាល៤នាក់ និងប្រជាការពារ២នាក់ រងរបួសបែកក្បាល ។ពេលនោះសមត្ថកិច្ចបានចាប់ខ្លូនមនុស្ស៦នាក់ ដែលបានដឹកនាំនិងចូលរួមប្រើហិង្សាទៅលើមន្ដ្រីនគរបាល និងប្រជាការពារនោះដែរ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងថា ៖«នៅពេលកម្លាំងនគរបាល និងប្រជាការពារ ចុះទៅសម្របសម្រួល និងយកដុំថ្មចេញពីផ្លូវជាតិលេខ៤ ស្រាប់តែ ប្រជាពលរដ្ឋទាំងនោះ បានគប់ដុំថ្មទៅលើកម្លាំងនគរបាល និងប្រជាការពារ បណ្ដាលឲ្យមន្ដ្រីនគរបាល៤នាក់ និងប្រជាការពារ២នាក់ រងរបួសបែកក្បាល ហើយរថយន្ដ៣គ្រឿង បានរងការខូចខាតផងដែរ»។

ចាប់ខ្លួនមនុស្សទាំង៦នាក់នេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះ ខណៈឃាត់ខ្លួន២នាក់កាលពី ម្សិលមិញ សរុបរហូតដល់ពេលនេះឃាត់ខ្លួនចំនួន៨នាក់ហើយ លោកស្នងការបានចាត់ទុកថា នេះគឺជាបទល្មើសព្រហ្មទណ្ឌ មិនអាចលើកលែងឲ្យបាន ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់តែម្ដង។ អ្វីក៏ដោយរាប់ទាំងបញ្ហាដីធ្លី អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធតែងតែមាន យន្តការដោះស្រាយ តាមប្រព័ន្ធតុលាការ និងតាមគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លី ហើយត្រូវបញ្ឈប់សកម្មភាពតវ៉ាបិទផ្លូវ ឬប្រើហិង្សាទៅលើសមត្ថកិច្ច ដែលទង្វើខុសច្បាប់ទាំងស្រុង ដូច្នេះសូមទទូចដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវងាកមករកការតវ៉ាតាមផ្លូវច្បាប់ ទើបជាការប្រសើរ។

នេះជាថ្ងៃទី២ហើយ ដែលប្រជាពលរដ្ឋទាំងនោះបាននាំគ្នាបិទផ្លូវជាតិលេខ៤ ដោយសារខឹងអាជ្ញាធរចុះទៅរុះរើខ្ទម និងសំណង់អនាធិបតេយ្យខុសច្បាប់របស់ពួកគាត់ នៅឃុំបិតត្រាំង ដែលសង់លើដីមានម្ចាស់កម្មសិទ្ធិពិតប្រាកដ កាលពីម្សិលមិញជាង៦០០ខ្នង៕