រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ So Phy បានខមមិន (បញ្ចេញមតិ) ចូលទៅក្នុងផេកហ្វេសប៊ុកផ្លូវការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានសរសេរថា លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានយករូបនាងជាគូស្នេហ៍ អស់រយៈពេល ៥ ឆ្នាំហើយ ឥឡូវលោកអភិបាលខេត្ត រូបនោះ បានឲ្យគាត់ឈប់ទាក់ទងទៅលោកទៀត ហើយថែមទាំងរកចាប់នាងដាក់គុកទៀតផង។

ជាមួយគ្នានោះ នាងបានបង្ហោះរូបភាពមួយចំនួនរវាងលោក សួន បវរ និងនាង កាលនៅស្និទ្ធសា្នល ផ្អែមល្អែមជាមួយគ្នា បង្ហាញជាភ័ស្តតាងទៀតផង។ មិនតែប៉ុណ្ណោះ នាងក៏បានសរសេរសារ នៅលើហ្វេសប៊ុកថា នាងចង់ស្លាប់ផងដែរ។
ការបែកធ្លាយរឿងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ផ្ដាច់ស្នេហ៍នេះ បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ។

ស្ត្រីម្នាក់ ដែលអះអាងថា ខ្លួនជាស្រីស្នេហ៍ របស់លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានសូមឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយស្វែងរកយុត្តិធម៌ ដោយសារតែលោក សួន បវរ បានឲ្យនាងឈប់ទាក់ទង។ ស្ត្រីរូបនោះ បានអះអាងថា ខ្លួន និងលោកសួន បវរ បានស្រឡាញ់គ្នា អស់រយៈពេល ៥ ឆ្នាំហើយ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នេះ ។

ទាក់ទងរឿងនេះ លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងបញ្ជាក់ប្រាប់ កាលពីរសៀលថ្ងៃទី១៨ ខែមេសាថា “រឿងនេះ ជាការពិត ខ្ញុំមិនលាក់បាំងអីទេ ខ្ញុំក៏គ្មានគំនិតអី អាក្រក់ចំពោះគាត់ដែរ។ ម្យ៉ាងទៀត គាត់ចេះតែរំខានខ្ញុំ ម្សិលមិញ (១៧ មេសា) នឹងខ្ញុំជាប់រវល់ការងារត្រួតពិនិត្យ ទីតាំងសម្រាប់ ថ្ងៃទី២២ ខែមេសា ចឹងហើយគាត់ចេះតែ តេមក ខ្ញុំប្រាប់ថា ឈប់តេមកទៀត ខ្ញុំជាប់រវល់ការងារ”។

សូមជម្រាបថា ស្ត្រីម្នាក់នោះ និងលោក សួន បវរ មានទំនាក់ទំនងនឹងគ្នា តាំងពីឆ្នាំ២០១៣ បានរស់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធ។
សូមបញ្ជាក់ថា លោក សួន បវរ ជាអតីតមេបញ្ជាការរងយោធភូមិភាគទី៥ ក្រោយមកជាអភិបាលរងខេត្តបន្ទាយមានជ័យ និងត្រូវបានតែងតាំង ជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក គោស៊ុំ សារឿត តាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ៕