ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនមនុស្ស២នាក់ ដែលជាមេខ្លោងដឹកនាំការតវ៉ា យកដើមឈើមកបាំងបិទផ្លូវជាតិលេខ៤ បណ្តាលឱ្យកកស្ទះមួយស្របក់ ក្រោយពេលអាជ្ញាធរ និងសមត្ថកិច្ច បានចុះរុះរើសំណង់អនាធិបតេយ្យរបស់ពួកគេ នៅរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ។

ជនសង្ស័យទាំង២នាក់នោះ រួមមានទី១៖ ឈ្មោះ ខ្លូត តុសិតា ភេទស្រី អាយុ៣៩ ឆ្នាំមុខរបរមេផ្ទះ ស្នាក់នៅបណ្ដោះអាសន្នដូចកន្លែងកើតហេតុ ដែលត្រូវឃាត់ខ្លួន ដោយសារការគប់ដុំថ្ម និងប្រើដំបងវាយលើឈ្មោះ ថោង ចិន្តា ភេទ ប្រុស៤១ មានទីលំនៅផ្ទះលេខV១០៧ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ និងកំលាំងសមត្ថកិច្ចចំរុះ បណ្តាលអោយរងរបួសជាច្រើននាក់ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ កែវ សាង ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរជាអ្នកនេសាទ នៅស្រុកព្រៃនប់ ដែលពាក់ព័ន្ធនឹងការដឹកនាំបិទផ្លូវ។

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នោះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងមួយ អំពីការចុះរុះរើសំណង់ខ្ទមអនាធិបតេយ្យជាង៦០០ខ្នង នៅលើដីដែលមានម្ចាស់កម្មសិទ្ធិ នៅចំណុចចំណោតអូរត្រាវ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សំណង់ដែលអាជ្ញាធរបានចុះរុះរើទាំងនោះ គឺត្រូវបានប្រជាជនដែលមកពីតំបន់នានាក្នុងខេត្ត និងក្រៅខេត្តលួចសាងសង់ដោយខុសច្បាប់ នៅលើដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ក្នុងរយៈពេលថ្មីៗកន្លងមកនេះ។ អាជ្ញាធរឃុំ ស្រុក និងខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំពួកគាត់ជាច្រើនលើកច្រើនសារឱ្យរុះរើសំណង់ខុសច្បាប់ទាំងនោះចេញពីដីកម្មសិទ្ធិអ្នកដទៃព្រោះជាទង្វើខុសច្បាប់ ប៉ុន្តែពួកគាត់ទាំងនោះមិនស្តាប់តាមការពន្យល់ណែនាំរបស់អាជ្ញាធរឡើយ។ រដ្ឋបាលខេត្តព្រះសីហនុ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងកម្មសិទ្ធិឯកជនស្របច្បាប់ ដោយបន្តអនុវត្តវិធានការច្បាប់ ទប់ស្កាត់អំពើអនាធិបតេយ្យទាំងឡាយ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កចលាចលសង្គម។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាជនដែលបានចូលទៅសង់ខ្ទមដោយខុសច្បាប់ នៅលើដីសាធារណៈរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជនស្របច្បាប់ទាំងឡាយត្រូវបញ្ឈប់សកម្មភាពចូលទៅទន្ទ្រានកាន់កាប់ជាបន្ទាន់ ព្រោះជាទង្វើដែលត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ហើយត្រូវឈប់ជឿតាមការឃោសនា ញុះញងរបស់ពួកមេខ្យល់ដែលបានដើរបំផុសបំផុល ដោយអះអាងថាមានការបែងចែកដី និងលក់ដីជូនក្នុងតម្លៃទាបតទៅទៀត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ មានក្រុមប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ ដែលបានទៅសង់ខ្ទមអនាធិបតេយ្យ នៅលើដីមានម្ចាស់កម្មសិទ្ធិ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាង(អូរត្រាវ)ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាតវ៉ា យកដើមឈើមកបាំងបិទផ្លូវជាតិលេខ៤ បណ្តាលឱ្យកកស្ទះមួយស្របក់ ក្រោយពេលអាជ្ញាធរ និងសមត្ថកិច្ច បានចុះរុះរើសំណង់អនាធិបតេយ្យទាំងនោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្លាំងនគរបាលបានរៀបចំបំបែក និងសម្រួលសណ្តាប់ធ្នាប់ឲ្យធ្វើចរាចរណ៍ធម្មតាវិញភ្លាមៗផងដែរ៕