ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកមេក្លោងក្រុមជនអន្ធពាល ពីបទបង្កអំពើហឹង្សាដោយចេតនាគិតទុកជាមុន តាមដីកាតុលាការ បានម្នាក់ទៀត នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចភូមិតំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។

ជនសង្ស័យដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បានម្នាក់ទៀតនោះ ឈ្មោះនុង វណ្ណេត ហៅកុយ ។
ក្រោយឃាត់ខ្លួនមេក្លោងនេះបានភ្លាមៗ សមត្ថកិច្ចបានបញ្ជូនខ្លួនតាមរថយន្តសារ៉ែនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ តែម្ដង។
កន្លងមក ក្រុមមេក្លោងជនអន្ធពាល ណុង ណាក់ និងបក្សពួកដែលប្រៀបដូចស្តេចក្រាញ់នោះ បានបង្កការភ័យខ្លាចបំផុត ឲ្យតែចាប់ពីម៉ោង៧ ទៅ៨យប់ គឺប្រជាពលរដ្ឋនៅស្រុកទឹកផុសបិទទ្វារផ្ទះអស់ហើយ ដោយសារតែក្រុមមេក្លោងជនអន្ធពាលនេះ បានធ្វើសកម្មភាពដេញវ៉ៃកាប់ចាក់ និងប្រព្រឹត្តបទល្មើសផ្សេងៗជាច្រើនទៀត ។ តែពេលនេះមេក្លោងជនអន្ធពាលនិងបក្ខពួក ដែលសុទ្ធជាបងប្អូន ត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់៕