ខេត្តព្រះសីហនុ៖ ខណៈតុលាការខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ចុះអនុវត្តដីការុះរើខ្ទមអនាធិបតេយ្យដែលត្រូវបានក្រុមប្រជាពលរដ្ឋអនាធិបតេយ្យមកពីតំបន់ផ្សេងៗ រាប់រយគ្រួសារបាននាំគ្នាមកសង់ ដើម្បីយកដីរបស់លោកជុំ សាវុឌ្ឍ នោះ ស្រាប់តែមានក្រុមប្រជាពលរដ្ឋប្រមាណ១០០នាក់ នាំគ្នាតវ៉ានិងយកគល់ឈើ និងមែកឈើមកដាក់បិទផ្លូវជាតិលេខ៤ បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នេះ ត្រង់ចំណុចភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ។

ប៉ុន្តែមកដល់ម៉ោង៩ព្រឹក ថ្ងៃដដែលនេះ កម្លាំងនគរបាលបំបែកក្រុមអ្នកតវ៉ា ឲ្យបែកខ្ញែកគ្នាអស់វិញហើយ និងសម្រួលសណ្តាប់ធ្នាប់ ឲ្យធ្វើចរាចរណ៍ដូចធម្មតាវិញហើយ។
លោក មៀច ចាន់ មេឃុំបិតតាំង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នេះ តុលាការខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ខេត្តបានធ្វើការចុះអនុវត្តដីកា រុះរើខ្ទមអនាធិបតេយ្យដែលត្រូវបានក្រុមប្រជាពលរដ្ឋអនាធិបតេយ្យមកពីតំបន់ផ្សេងៗប្រមាណជា ៣០០គ្រួសារបាននាំគ្នាមកសង់ ដើម្បីយកដីរបស់លោកជុំ សាវុឌ្ឍ នោះ ស្រាប់តែមានក្រុមប្រជាពលរដ្ឋប្រមាណ១០០នាក់ នាំគ្នាតវ៉ានិងយកគល់ឈើ និងមែកឈើមកដាក់បិទផ្លូវជាតិលេខ៤ បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង ។ តែត្រូវកម្លាំងនគរបាលបំបែកក្រុមអ្នកតវ៉ា ឲ្យបែកខ្ញែកគ្នាអស់វិញហើយ និងសម្រួលសណ្តាប់ធ្នាប់ ឲ្យធ្វើចរាចរណ៍ដូចធម្មតាវិញហើយ។

រហូតមកដល់ម៉ោង១០ព្រឹកនេះ កម្លាំងសមត្តកិច្ចក៍បានរុះរើខ្ទមអនាធិបតេយ្យសង់នៅលើដីកម្មសិទ្ធិរបស់លោកជុំ សាវុឌ្ឍ យ៉ាងរលូនបានប្រមាណជា៩០ភាគរយហើយ ដោយមិនមានការចាប់ចងប្រជាពលរដ្ឋណាម្នាក់នោះទេ ។

លោកមេឃុំ មៀច ចាន់ បញ្ជាក់ថា ក្រុមប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារដែលបាននាំគ្នាមកសង់ខ្ទមដើម្បីយកដីរបស់លោកជុំ សាវុឌ្ឍ នេះ ខ្លះមកពីសង្កាត់ លេខ១ ក្រុងព្រះសីហនុ ខ្លះមកពីតំបន់ពយម៉ាចូវ ខ្លះមកពីតំបន់ឃុំបិតត្រាំង ឃុំបឹងតាព្រហ្ម និងតំបន់មួយចំនួនទៀត នៃស្រុកកំពង់សិលា ។ ក្រៅពីនេះគឺ មានក្រុមប្រជាពលរដ្ឋខ្លះមកតាមមេខ្យល់អូសទាញ មកពីខេត្តដទៃផងដែរ មានដូចជា ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺ ជាដើម ៕