ប្រទេសថៃ៖ ថ្មីៗនេះ គណនីម្ចាស់ហ្វេសប៊ូកមួយឈ្មោះ Khin បានបង្ហោះរូបភាពខ្ទើយម្នាក់ ចំហរដើមទ្រូងខណៈពេលកំពុងដើរលេងបាញ់ទឹក នៅថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ សង្ក្រាននៅក្នុងប្រទេសថៃ ហើយត្រូវបានមហាជនជាច្រើន ធ្វើការរិះគន់ចំពោះរូបភាពដែលមិនសមរម្យនេះផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាមទំលាប់ប្រពៃណីថៃ ក្នុងថ្ងៃចូលឆ្នាំថ្មី ។

ចំពោះករណីនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ូក បាននាំគ្នាស៊ែរតៗយ៉ាងច្រើន ជាពិសេសពលរដ្ឋនៅក្នុងខេត្តបុរីរាំ ដើម្បីឲ្យប៉ូលិសបានឃើញ និងធ្វើអន្តរាគមន៍ចាប់ខ្លួនខ្ទើយម្នាក់នោះ មកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលបានធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ។

រហូតមកដល់ពេលនេះ ប៉ូលិសបានធ្វើការស្រាវជ្រាវចាប់ខ្លួន ម្ចាស់គណនីហ្វេសប៊ូកខាងលើ ដែលបានបង្ហោះរូបភាពអាសអាភាស ហើយប៉ូលិសបាននាំខ្លួនបុរសម្នាក់ឈ្មោះ ភាណុកភុង អាយុ១៩ឆ្នាំ ជាបុរសភេទទី៣ ដើម្បីធ្វើការសួរនាំពីករណីបង្ហោះរូបភាពអាសអាភាស នៅលើបណ្តាញសង្គមតាមការរៀបរាប់ដូចខាងលើ ។

យោងតាមការសួរនាំពីបុរសខ្ទើយខាងលើ បានសារភាពថា ខ្លួនគាត់ពិតជាបានបង្ហោះរូបភាពនោះ ពិតប្រាកដមែន ដោយសារតែមិនបានគិតវែងឆ្ងាយ ណាមួយខ្លួនគាត់កំពុងតែស្រវឹងខ្លាំងផង ធ្វើឲ្យភ្លេចខ្លួនតែម្តង ហើយគាត់ក៏មិនបានគិតថា មានការរិះគន់ច្រើនបែបនេះដែរ ។

គាត់បានសន្យាជាមួយប៉ូលិសថា នឹងមិនធ្វើរឿងបែបនេះតទៅទៀតឡើយនៅថ្ងៃខាងមុខ តែទោះជាយ៉ាងណា ខណៈពេលនេះ ប៉ូលិសកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនបុរសខ្ទើយខាងលើ ទៅដោះស្រាយតាមផ្លូវច្បាប់ ដែលពាក់ព័ន្ធនិងច្បាប់បច្ចេកវិទ្យាព័ត៌មាន ដោយមានស្ថានទំងន់ទោសពិន័យជាប្រាក់ មិនលើសពី៥ពាន់បាតឡើយ៕

ប្រភព៖ សារព័ត៌មានខោវស៊ុត
ដោយ៖ សារព័ត៌មាន ខេប៊ីអិន