មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ ដោយក្មេងប្រុសបានលោតលេងទឹក ទំលាក់ខ្លួនដោយមិនដឹងថា មានថ្មនៅពីក្រោមទឹក ពេលទំលាក់ខ្លួនចូលទឹក ក៏ត្រូវចំថ្ម បណ្ដាលឲ្យបោកចំក្បាលនិងខ្ទង់ច្រមុះ ស្លាប់ភ្លាមៗតែម្ដង ដែលហេតុការណ៍នេះ បានកើតឡើង ចំណុច ទឹកធ្លាក់ភ្នំគូលែន (ជាន់ទីបី) ស្ថិតនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ូ សា ភេទប្រុស អាយុ១៤ឆ្នាំ មានឪពុកឈ្មោះ រិន រីក អាយុ៣៩ឆ្នាំ និងម្តាយឈ្មោះ ថន ខេន អាយុ២៩ឆ្នាំមានទីលំនៅភូមិបល័្លង្គ ឃុំបល័្លង្គ ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពដដែលបានប្រាប់បន្តទៀតថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ និងក្រុមគ្រួសារ បានមកលេងទឹកធ្លាក់ភ្នំគូលែន ហើយក៏បានទៅលេងទឹក និងបានលោតទឹកទំលាក់ខ្លួនចុះពីទួលខ្ពស់ ទៅក្នុងទឹកដោយមិនដឹងថា មានថ្មនៅពីក្រោមទឹកនោះទេ ពេលទំលាក់ខ្លួនរួចក៏ត្រូវចំថ្ម បណ្ដាលឲ្យបោកក្បាលនិងចំខ្ទង់ច្រមុះស្លាប់តែម្ដង។ ចំពោះសពបានប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕