អត្ថបទខាងក្រោម​​នេះដកស្រង់ពីហ្វេកប៊ុក លោក​ ពុយ គា (​អ្នក​សារព័ត៌មាន​Kyoto)

កោះត្រល់ ជា​ឈ្មោះ​កោះ​ដ៏​ធំ​មួយ​ដែល​មាន​ចំងាយ​ប្រមាណ​ជា​១៥​គីឡូម៉ែត្រ​ពី​ទឹកដី​ខេត្តកំពត បាន​ក្លាយជា​កោះ​ឋានសួគ៌​ថ្មី​មួយ​របស់​វៀតណាម​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចម្រុះ​ពណ៌​នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​ទន្ទិញ​រត់មាត់​ថា​ជា​អតីត​កោះ​របស់​កម្ពុជា ហើយ​ពេល​ខ្លះ​ក៏​នាំ​គ្នា​គិត​ថា កោះត្រល់​នៅ​តែ​ជា​កោះត្រល់​របស់​ខ្មែរ បើ​ទោះបីជា​ឈ្មោះ​ផ្លូវការ​នៅ​លើ​ផែនទី​វៀតណាម​ថា ជា​កោះ​ហ្វូ​គួ​ក (Phu Quoc) រាប់​សិប​ឆ្នាំ​រួច​ទៅ​ហើយ​ក្តី ។ ដើម្បី​ទៅ​ដល់​កោះ Phu Quoc ពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​ពីរ​៖ ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​ហូ​ជី​មិ​ញ​រួច​បន្ត​ហោះ​ទៅ​កាន់​កោះ​ហ្វូ​ក​គួ​ក​តែ​ម្តង ឬ​ក៏​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ចេញពី​ភ្នំពេញ​ទៅ​កាន់​ព្រំដែន​ព្រែក​ចាក​ក្នុង​ទឹកដី​ខេត្តកំពត ​រួច​បន្តដំណើរ​ទៅ​កាន់​កំពង់​ផែ​ខេត្ត​ហា​ទៀង​របស់​វៀតណាម (​អតីត​ខេត្ត​ពាម​) ដែល​ចំណាយពេល​សរុប​ចន្លោះ​ពី​៥​ទៅ​៦​ម៉ោង រួច​ធ្វើ​ដំណើរ​បន្ត​ដោយ​ជិះ​កប៉ាល់​ ឬ​ហៅ​ថា​ទូក​លឿន ​ដែល​ត្រូវ​ចំណាយពេល​១​ម៉ោង​១០​នាទី​ថែម​ទៀត​ក្នុង​ចំងាយ​ផ្លូវទឹក​៤៥​គីឡូម៉ែត្រ ​។

* ហេតុ​អ្វី​បានជា​គេ​ចង់ទៅ​កោះត្រល់​ ?
ពលរដ្ឋ​ខ្មែរ​មាន​មតិ​ពីរ​ខ្វែងគ្នា មតិ​មួយ​ថា​គាត់​គួរ​ទៅ​លេង​កោះត្រល់​ដើម្បី​ឲ្យ​ដឹង​ថា​គេ​អភិវឌ្ឍ​កោះ​នោះ​ដល់​កម្រិត​ណា​ហើយ ឯ​មតិ​មួយទៀត​ថា ដាច់ខាត​គាត់​មិន​ទៅ​ជាន់​ទឹកដី​កោះត្រល់​ឡើយ​ក្នុង​មួយ​ជីវិត ដោយ​គាត់​គិត​ថា មិន​គួរ​បញ្ចូល​លុយ​ក្នុង​ហោប៉ៅ​វៀតណាម​បន្ថែម​ទៀត​ឡើយ​។ យ៉ាងណា​ក៏​ដោយ អ្នក​ដែល​ទៅ​កោះត្រល់​ភាគច្រើន​ចង់​ស្វែង​យល់​រឿងរ៉ាវ​ពាក់ព័ន្ធ​ប្រវត្តិសាស្ត្រ​កោះ​នេះ​ច្រើន​ជាង​ទៅ​កំសាន្ត​ជា​ទេសចរ​មួយ​មុខ​។ សម្រាប់​វៀតណាម​កោះត្រល់ ជា​កោះ​ដែល​ធំ​ជាងគេ​បង្អស់​នៅ​ក្នុង​ប្រទេស ហើយ​ក៏​ជា​កោះ​ដែល​ខ្លួន​គិត​ថា​មាន​ឆ្នេរសមុទ្រ​ស​ស្អាត រហូត​ដាក់​រហ័ស​នាម​ថា “​កោះ​គុ​ជ​” ហើយ​តាម​រយៈ​គម្រោង​អភិវឌ្ឍ​និង​សន្ទុះ​កសាង​នៅ​ពេល​បច្ចុប្បន្ន កោះត្រល់​អាច​នឹង​វ៉ា​ដាច់​កោះ​នៅ​កម្ពុជា​ទាំងអស់ ហើយ​វៀតណាម​អាច​នឹង​បង្វែរ​កិច្ចប្រជុំ​ធំ​ៗ​មួយ​ចំនួន​ទៅ​ទីនោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។ ប៉ុន្តែ​សម្រាប់​ខ្មែរ​វិញ កោះត្រល់​នៅ​តែ​មិន​អាច​ស៊ីដាច់​ឆ្នេរ​នៅ​តាម​កោះ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ឡើយ​។

* មាន​អ្វីខ្លះ​នៅ​លើ​កោះត្រល់​ ?
រហូត​មក​ដល់​ខែមេសា ឆ្នាំ​២០១៩ សណ្ឋាគារ​ប្រណិត​ៗ​លំដាប់​ផ្កាយ​ប្រាំ​មិន​តិច​ជាង​៤​ទេ​បាន​សង់​រួច​ទៅ​ហើយ​។ នៅ​ទីនោះ​ក៏​មាន​កន្លែង​កំសាន្ត​សម្រាប់​ក្មេង​និង​មនុស្ស​ចាស់​ដែល​មានឈ្មោះ​ថា Vinpearl Land មាន​ផ្សារ​រាត្រី មាន​ទឹកត្រី​កោះ​ហ្វូ​គួ​ក គុ​ជ​ខ្ច​ង កាហ្វេ​អោប (​សម្រាប់​បុរស​ដែល​ចង់​ស្គាល់​រស់ជាតិ​កា​ហេ្វ​ពិត​និង​កា​ហេ្វ​ថែម​សាច់​)​។ ផ្នែក​សាសនា​វិញ មាន​វត្ត​មួយ​ដែល​គេ​អះអាង​ថា​ជា​វត្ត​ខ្មែរ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “​ពោធិ​ទី​បា​រាម​កោះត្រល់​ភូ​ក្វឹ​ក​” ហើយ​មាន​លោក​កម្ពុជា​ក្រោម​បី​អង្គ​គង់នៅ​ទីនោះ​។ យោង​តាម​ការ​ធ្វើ​ជំរឿន​នៅ​ឆ្នាំ​១៩៨៩ គេ​រក​ឃើញ​ពលរដ្ឋ​ខ្មែរក្រោម​និង​ខ្មែរ​កណ្តាល​យើង​ប្រមាណ​ជា​៣០០​គ្រួសារ ហើយ​រហូត​ដល់​ឆ្នាំ​២០១៤ ចំនួន​បាន​ថយ​មក​ត្រឹម​២០០​គ្រួសារ​នៃ​ចំនួន​ពលរដ្ឋ​វៀតណាម​សរុប​ប្រហែល​១០​ម៉ឺន​នាក់​។

* កោះត្រល់​មាន​ទំហំ​ប៉ុន្មាន​ ?
រាប់​សិប​ឆ្នាំ​មក​ហើយ ពលរដ្ឋ​ខ្មែរ​តែង​ធ្វើការ​ប្រៀបធៀប​ផ្ទៃដី​កោះ​មួយ​នេះ​ទៅ​នឹង​ទំហំ​ផ្ទៃក្រឡា​ទាំងមូល​របស់​ប្រទេស​សឹ​ង្ហ​បុរី​។ កោះត្រល់​មាន​ទំហំ​៥៧៤​គីឡូ​ម៉ែត្រការ៉េ
និង​មាន​ប្រជាពលរដ្ឋ​ជិត​២០​ម៉ឺន​នាក់​កំពុង​រស់នៅ​បច្ចុប្បន្ន​។ ដោយឡែក​ប្រទេស​សឹ​ង្ហ​បុរី​មាន​ទំហំ​៧២១,៥​គីឡូ​ម៉ែត្រការ៉េ ហើយ​មាន​ពលរដ្ឋ​ជាង​៥​លាន​នាក់​។ វៀតណាម​បាន​បង្ហើប​ពី​គម្រោង​អភិវឌ្ឍ​កោះត្រល់​ឲ្យ​ទៅ​ជា​សឹ​ង្ហ​បុរី​ទី​២ ប៉ុន្តែ​បើ​តាម​ការ​អង្កេត​នា​ពេល​បច្ចុប្បន្ន​នេះ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​និង​លំនៅ​ដ្ឋា​ន​ស្កេ​សស្កា​ស​ជាប់​ដងផ្លូវ អាច​ធ្វើ​ឱ្យ​ម​ហិ​ច្ច​តា​របស់​វៀតណាម​នៅ​ឆ្ងាយ ឆ្ងាយ​ដាច់​កន្ទុយភ្នែក​ពី​សឹ​ង្ហ​បុរី ។ មាន​ព័ត៌មាន​ក្រៅផ្លូវការ​បាន​បង្ហើប​ថា​ថ្នាក់ដឹកនាំ​វៀតណាម​បាន​កោះ​ប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ នៅ​កន្លែង​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កោះត្រល់​ដើម្បី​ពិនិត្យ​លទ្ធភាព​បង្វែរ​កោះត្រល់​ទៅ​ជា​តំបន់​ស្វយ័ត​ដែល​អនុញ្ញាតិ​ឱ្យ​បរទេស​ចូល​មក​វិនិយោគ​និង​អភិវឌ្ឍ​ឱ្យ​បាន​លឿន​ជាទី​បំផុត​។

* វៀតណាម​បាន​កោះត្រល់​ដោយ​វិធី​ណា នៅ​ឆ្នាំ​ណា​ ?
ប្រវត្តិ​រឿងរ៉ាវ​ពិតជា​វែង​ឆ្ងាយ​ពិបាក​នឹង​រ៉ាយរ៉ាប់​ឲ្យ​អស់​សេចក្តី តែ​ខ្ញុំ​ព្យាយាម​សង្ខេប​ឲ្យ​ខ្លី​ថា ដោយសារ​តែ​បារាំង​បាន​សម្រេច​បែងចែក​ដែនទឹក​រដ្ឋបាល​គ្រប់គ្រង​រវាង​កម្ពុជា​និង​វៀតណាម​នៅ​ឆ្នាំ​១៩៣៩ នោះ​ហើយ​ដែល​ជាដើម​ចម​នៃ​ការ​បាត់​ទឹកដី​កោះត្រល់​ឲ្យ​ទៅ​វៀតណាម​។ ពេល​នោះ​ខ្មែរ​យើង​ស្ថិត​នៅ​ក្រោម​អាណានិគម​បារាំង​នៅឡើយ​។ អ្នក​ស្នេហា​ជាតិខ្មែរ​ឬ​វីរៈជន​ខ្មែរ​ជា​ច្រើន​រូប​ដូច​ជា អាចារ្យ ហែម​ចៀវ ពោធិ៍​កំបោរ លោក ប៊ុ​ណ្ណ ចន្ទ​ម៉ុ​ល ត្រូវ​បាន​បារាំង​ចាប់​និង​យក​ដាក់​ពន្ធនាគារ​នៅ​គុក​កោះ​ត្រឡាច​ដែល​ស្ថិត​នៅ​ប៉ែក​ខាងត្បូង​ឈាង​ខាងកើត​នៃ​ព្រៃនគរ (​ហូ​ជី​មិ​ញ​) ដោយសារ​តែ​ការ​បះបោរ​ប្រឆាំង​នឹង​បារាំង​នៅ​ជំនាន់​នោះ​។ កោះ​ត្រឡាច យួន​ហៅ​ថា “​កូ​ង​ដាវ (Côn Đảo) ឬ កូ​ង​ស៊ើ​ង (Côn Sơn)” បារាំង​ហៅ​ថា ពូ​លូ​កុង​ដ័​រ (Poulo Condor)​។ អ្នកនយោបាយ​និង​ថ្នាក់ដឹកនាំ​ខ្មែរ​ជា​ច្រើន​រូប​បាន​ទាញហេតុផល​រៀង​ៗ​ខ្លួន​ដើម្បី​ពន្យល់​ថា​មូលហេតុ​អ្វី​បានជា​កោះត្រល់​របូត​ទៅ​វៀតណាម ។ បញ្ហា​ទឹកដី​និង​ព្រំដែន មិន​ខុស​ពី “​ចម្រៀង​មួយ​បទ​ដែល​តែង​មិន​ចេះ​ចប់​នោះ​ទេ​” វា​ជា​រឿង​ត​ភាគ វែង​ជាង​រឿង “​មួយ​ពាន់​មួយ​យប់​” ដែល​ជជែក​មិន​ចេះ​អស់​និង​មិន​ចេះ​ហើយ ។

ជម្លោះ​ប្រវត្តិសាស្ត្រ​៖ ហួសពេល​ហើយ​អូន​!
ពលរដ្ឋ​ខ្មែរ​ដែល​ឈាន​ជើង​មក​ដល់​កោះត្រល់​តែង​ជញ្ជក់មាត់​ស្តាយក្រោយ​ថា​ហេតុ​អ្វី​បានជា​កោះ​ខ្មែរ​យើង​ធ្វើ​ឲ្យ​ធ្លាក់​ទៅ​ដៃ​វៀតណាម​ ? ជម្លោះ​ដែនដី និង​ដែនទឹក​មិនមែន​ជា​រឿង​ថ្មី​របស់​កម្ពុជា​ហើយ​ក៏​មិនមែន​ជា​រឿង​ចម្លែក​របស់​ពិភពលោក​ដែរ​។ រហូត​មក​ទល់​ពេល​នេះ ប្រទេស​ជា​ច្រើន មិន​ថា​ជា​ប្រទេស​តូច​ឬ​ធំ ប្រទេស​អ្នកមាន​ឬ​ក្រ​នោះ​ឡើយ នៅ​តែ​ជំពាក់​វាក់​វ័​ន្ត​ទៅ​នឹង​ជម្លោះ​ដែនដី​និង​ដែន​កោះ​ដែល​ពុំ​ទាន់​ដោះស្រាយ​ដាច់ស្រេច ហើយ​ប្រទេស​ខ្លះ​ក៏​ត្រូវ​បាត់បង់​ដែនដី​ខ្លះ ឬ​បង្ខំចិត្ត​បោះបង់​ចោល​ដោយ​គ្មាន​ការ​តវ៉ា ដោយសារ​តែ​ហេតុផល​ថា វា​ហួស​សមត្ថភាព​នឹង​ដោះស្រាយ ឬ​ពុំនោះ​ទេ​ត្រូវ​ប្រមូល​ធនធាន​ទាំងអស់​ដែល​មាន​រួម​ទាំង​ជីវិត​ពលរដ្ឋ​ខ្លួនឯង​ផង​ដើម្បី​ធ្វើសង្គ្រាម​ដណ្តើម​យក​ដី​ឬ​កោះ​មួយ​ចំណែក​ណា​នោះ​មក​វិញ​។ បែរមក​រឿង​កោះត្រល់​វិញ ឧបមា​ថា​ខ្មែរ​នៅ​តែ​ជា​ម្ចាស់ តើ​អាច​មាន​មហាសេដ្ឋី​ខ្មែរ​យើង​ណា​ម្នាក់​យក​មក​អភិវឌ្ឍ​ទ្រង់ទ្រាយ​ធំ​បាន​ឬទេ ? នៅ​ពេល​ដែល​កោះ​ខ្មែរ​ជិត​៦០​ទៀត ហាក់ដូចជា​ពុំ​ទាន់​រក​អ្នក​វិនិយោគ​ធំ​ពិតប្រាកដ​ប្រកបដោយ​ទស្សនវិស័យ​យូរអង្វែង​នៅឡើយ ។ មហាសេដ្ឋី​វៀតណាម​មួយ​រូប​ឈ្មោះ Phat Nhat Vuong ជា​អ្នកជំនួញ​មួយ​រូប​ដែល​ធ្លាប់​រកស៊ី​ឈើ​និង​ជំនួញ​ផ្សេង​ៗ​ទៀត​ជាមួយ​ឡាវ​និង​កម្ពុជា បាន​ចំណាយ​ទុន​ជា​ច្រើន​លើ​ការ​អភិវឌ្ឍ​តំបន់​ទេសចរ​ច្រើន​កន្លែង​នៅ​វៀតណាម ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​ប្រទេស​មួយ​នេះ​កាន់តែ​ច្រើន ដោយ​មិន​ត្រឹមតែ​ធ្វើ​សណ្ឋាគារ​ប្រណិត​ៗ​លំដាប់​ផ្កាយ​៥​ទេ តែ​អភិវឌ្ឍ​ជា​ចង្កោម រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​វិស័យ​បង្កើត​ជា​ក្រុង​ទេសចរ​ថ្មី​និង​ជា​កន្លែង​ដែល​អាច​ទទួល​មេដឹកនាំ​ពិភពលោក​សម្រាប់​កិច្ចប្រជុំ​ធំ​ៗ​បាន ដែល​ជា​ការ​ជួយ​លើកមុខ​មាត់​របស់​វៀតណាម​ទាំងមូល ​។

យ៉ាងណា​ក៏​ដោយ​ចុះ ខ្ញុំ​គិត​ថាបើ​ខ្មែរ​អាច​យក​ករណី​កោះត្រល់​ជា​ចំណុច​ចាប់ផ្តើម ដើម្បី​បង្វែរ​ពី​ការ​ឈឺចាប់ ឬ​ការ​សោកស្តាយ​នេះ ទៅ​ជា​ឆន្ទៈ​ថ្មី​មួយ​ដើម្បី​ប្រែក្លាយ​កោះ​ខ្មែរ​ដែល​នៅ​សេសសល់​ឲ្យ​ទៅ​ជា​កោះ​ឋាន​សួ​គ៍ កោះ​នៃ​ក្តី​ស្រមៃ កោះ​នៃ​ក្តី​សុបិន ជា​ជាង​ស្រមៃ​របស់​ដែល​បាត់ ហើយ​មិន​អភិវឌ្ឍ​របស់​ដែល​កំពុង​មាននៅ​ក្នុង​ដៃ ៕

អត្ថបទ​នេះ​មិន​ឆ្លុះ​បញ្ចាំង​នូវ​ទស្សនៈ​នយោបាយ ឬ​ប្រវត្តិសាស្ត្រ​ ដើម្បី​បញ្ឆេះ​កំហឹង​ជាតិនិយម​ណាមួយ​ឡើយ តែ​ជា​ប្រភេទ​អត្ថបទ​សម្រាប់​ការ​ស្វែង​យល់​ពី​ដំណើរ​ទស្សនកិច្ច​ទេសចរ​មួយ​ ទៅ​កាន់​តំបន់​ដែល​ធ្លាប់​មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​ខ្មែរ​យើង​តែ​ប៉ុណ្ណោះ​ ។ សូម​ប្រិ​យ​មិត្ត​អ្នក​អាន​មេត្តា​អភ័យទោស បើ​ការ​សរសេរ​នេះ​មានការ​ខ្វះចន្លោះ​ឬ​លើសលួស​ហួស​ពី​ការ​ពិត​ ។ ដោយ ​៖ ពុ​យ គា