ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ូកមួយឈ្មោះ The Chamupai បានបង្ហោះវីដេអូឃ្លីបដ៏ស្រៀវសាច់មួយ បន្ទាប់ពីរថយន្ត១គ្រឿង បានរេចង្កូតហើយតុលទៅបុកចូលក្នុងផ្ទះ១ខ្នង ហើយខណៈពេលនោះ មាននារីវ័យក្មេង២នាក់ នៅឈរលេងខាងមុខផ្ទះ ។

ខណៈពេលដែលឡានបុកចូលក្នុងផ្ទះនោះ មាននារីវ័យក្មេង២នាក់កំពុងតែលេងនៅមុខផ្ទះ តែសំណាងល្អណាស់ ពួកគេបានក្រឡេកឃើញទាន់ ហើយបានរត់គេចទាន់ពេល នៅខ្វះតែបន្តិចត្រូវមានគ្រោះថ្នាក់ដល់ជីវិត ។

តាមការសរសេរពីម្ចាស់ហ្វេសប៊ូកដែលបានបង្ហោះវីដេអូនោះ បានឲ្យដឹងថា “ប្រសិនបើមានមនុស្សរងគ្រោះ តើមាននរណាទទួលខុសត្រូវទេ? ខ្ញុំខឹងព្រោះខ្ញុំមានកូនតែម្នាក់ផង… តាមការស្មានអ្នកបើកបរប្រហែលជាស្រវឹងជោគជាំ កំរិតអាកុលរហូតដល់២៧០មីលីក្រាម” ។

ចំពោះករណីបើកបរខណៈពេលស្រវឹង តាមច្បាប់មានស្ថានទំងន់ទោស អាចជាប់គុករហូតដល់១ឆ្នាំ និងដកហូតប័ណ្ណបើកបរទុករយៈពេល៦ខែ ឬទទួលទោសពីបទបើកបរស្រវឹង ធ្វើឲ្យមនុស្សទទួលគ្រោះថ្នាក់ដល់ជីវិត មានទោសជាប់គុកចាប់ពី ១ដល់៥ឆ្នាំ ពិន័យជាប្រាក់ ២ម៉ឺនដល់១០ម៉ឺនបាត ៕

ប្រភព៖ សារព័ត៌មាន mgronline
ដោយ៖ សហការី ខេ ប៊ី អិន