រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង តាម​ផ្លូវ​បេតុង​មួយ​កន្លែង ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ​ស្ងាត់ជ្រាប​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ផង ស្រាប់តែ​ជួប​ជនសង្ស័យ​៥​នាក់ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម C125 ៣​គ្រឿង មក​កៀរ​ឲ្យ​ឈប់ រួច​ធ្វើ​សកម្មភាព​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ព្រមទាំង​គំរាម​ឲ្យ​ថយ​ចេញពី​ម៉ូតូ ហើយ​ឲ្យ​ប្រគល់​សោ​ម៉ូតូ​ឲ្យ​ពួក​វា បន្ទាប់​មក​ជនសង្ស័យ​បាន​លើកយក​ម៉ូតូ ជិះ​គេចខ្លួន​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ដី​ឡូ​មួយ​កន្លែង នៅ​ភូមិ​២ សង្កាត់​ជ្រោយចង្វារ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​៤​នាក់ រត់គេច​ខ្លួន​ម្នាក់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ផ្ទះសំណាក់​មួយ​កន្លែង​យីហោ “​មហាលាភ​” ផ្លូវ​លេខ​២៧៣ ក្រុម​១ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់ មានឈ្មោះ​ដូច​ជា ទី​១.​ឈ្មោះ ចាន់ ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​សារធាតុ​ញៀន​)​។ ជនសង្ស័យ​ទី​២.​ឈ្មោះ គ្រឿន ធា​រ៉ូ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ (​មាន​សារធាតុ​ញៀន​) ។ ទី​៣.​ឈ្មោះ សៅ មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​២ សង្កាត់​ជ្រោយចង្វារ (​មាន​សារធាតុ​ញៀន​)​។ និង​ទី​៤.​ឈ្មោះ ម៉ាត់ ម៉ា​ន់​ស៊ូ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ចាម សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ (​មាន​សារធាតុ​ញៀន​)​។ ចំណែក​បក្ខពួក​គេ​ម្នាក់​ទៀត ដែល​គេចខ្លួន​បាត់ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ។

រីឯ​ជន​រង​គ្រោះ​មានឈ្មោះ គង់ សារី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​មុ​របរ​ជាងសំណង់ ស្នាក់​បន្ទប់​ជួល ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ម៉ូតូ​ជនសង្ស័យ​ប្លន់​យក​ទៅ​នោះ ម៉ាក​ឌ្រី​ម​C125 ១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HF-1348 បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ។

លោក​វរសេនីយ៍ទោ គល់ យី អធិការ​នគរបាល​ខណ្ឌឫស្សីកែវ បាន​បញ្ជាក់​ថា យោង​តាម​សាកសួរ​យក​ចម្លើយ​ករណី​វាយ​យក​ម៉ូតូ​C125 របស់​ជន​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ ដែល​កម្លាំង​អធិការដ្ឋាន​បង្ក្រាប​ជាក់ស្តែង​ជនសង្ស័យ​មាន​ចំនួន​៤​នាក់​នោះ​បាន​សារភាព​ថា​ពួក​ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន​១៤​លើក នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ថ្ងៃ​មិន​ចាំ​ខែ​៣ ឆ្នាំ​២០១៩ ។
-​លើក​ទី​១ នៅ​កោះ​ពេជ្រ​កន្លែង​ស្ពាន​នាគ​ឆក់​ទូរស័ព្ទ​(​ជនបរទេស​)
-​លើក​ទី​២ នៅ​មុខ​វត្ត​ឧណ្ណា​លម​ឆក់​ទូរស័ព្ទ​(​ជនបរទេស​)
-​លើក​ទី​៣-​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​មុខ​គណរដ្ឋមន្ត្រី ឆក់​ទូរស័ព្ទ​(​ជនបរទេស​)
-​លើក​ទី​៤ ទី​៥ នៅ​ម្តុំ​ផ្សារ​កណ្តាល ឆក់​ទូរស័ព្ទ (​ជនបរទេស​)
-​នៅ​សល់​ប៉ុន្មាន​កន្លែង​ទៀត​ជនសង្ស័យ​ពុំ​ចាំទី​កន្លែង​ពេលវេលា​ទេ​ព្រោះ​ឆក់​ច្រើន​ពេក​។ ពេល​ធ្វើ​សកម្មភាព​ឆក់​បាន​ហើយ​ជនសង្ស័យ​យក​ទៅ​លក់​នៅ​ផ្សារ​ទួល​គោក​មនុស្ស​ប្រុស​ម្នាក់​អត់​ស្គាល់ឈ្មោះ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕