សៀមរាប ៖ មាន​ករណី​ចុះ​ដាក់​បំពង់​ទីប​ក្នុង​អណ្តូង​ជម្រៅ​ប្រមាណ​៦​ម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់ ជា​បន្តបន្ទាប់​ដោយសារ​តែ​ខ្វះ​អុក​ស៊ី​សែន កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃ​ទី​១២ មេ​សា ២០១៩ នៅ​ចំណុច​នៅ​ភូមិ​តា​លាវ ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ បាន​និយាយ​ថា ជន​រង​គ្រោះ​៣​នាក់​រួម​មាន ១-​ឈ្មោះ ធុ​ល ធឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ២-​ឈ្មោះ ហ៊​ន់ ជាតិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​៣-​ឈ្មោះ លន់ ឡុ​ក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។

សមត្ថកិច្ច បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​៣​នាក់ ក្នុង​នោះ​កូនបង្កើត​ម្នាក់ និង​កូនប្រសារ​២​នាក់ របស់​លោក យ៉ា ប៊​ន មេឃុំ​តា​សោម បាន​នាំ​គ្នា​ចុះ​ទៅ​ត​ទុយោ​ក្នុង​អណ្តូង​លូ​ដែល​មាន​ប្រវែងជាង​៥​ម៉ែត្រ ។ លុះដល់​ពេល​ចុះ​ទៅ​មិន​ទាន់​ដល់​គោលដៅ​ផង ស្រាប់តែ​អ្នក​ទាំង​៣​បាន​ធ្លាក់​ស្លាប់​ម្តងម្នាក់​ៗ​ជា​បន្តបន្ទាប់​តែ​ម្តង ។

យោង​តាម​ការ​ពិនិត្យ​កោសល្យវិច័យ​របស់​មន្ត្រី​ប៉ូលិស​ជំនាញ និង​ក្រុម​គ្រូពេទ្យ​បង្អែក​ស្រុក​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុង​អណ្តូង​មុន​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ដោយសារ​ក្នុង​អណ្តូង​ខ្វះ​អុក​ស៊ី​សែន ។ ក្រោយ​កើតហេតុ​សាកសព ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​យល់​ដឹង អណ្ដូងទឹក​ដែល​បាន​ធ្វើ​រួច​គ្រោ​ប​រួច​ទុក​ចោល​យូរ គួរ​ជៀសវាង​ចុះ​ទៅ ព្រោះ​ក្នុង​អណ្ដូង គ្មាន​ខ្យល់​ឧក​ស៊ី​សែន​នោះ​ទេ វា​ក្លាយជា​មាន​ជាតិ ឧស្ម័ន​មាន​ជាតិពុល និង​ក្លាយជា​មាន​ជាតិ​បា​រ៉​ត ពេល​មនុស្ស​ចុះ​ទៅ​ដល់​ក្រោម វា​និង​ធ្វើ​អោយ មាន​សភាព​ល្ហិតល្ហៃ​ទន់ដៃទន់ជើង អស់កំលាំង អាច​និង​ដួល​សន្លប់ រហូត​ដល់​ដាច់ដង្ហើម​ជា​មិន​ខាន ដូច្នេះ​គួរ​ជៀសវាង ៕