ភ្នំពេញ ៖ ជនសង្ស័យ ស្រេង វរ​: ម្ចាស់​ក្លឹ​ប «​ម៉ៃ​អា​មី​» និង​ស្ត្រី​មេការ២​នាក់ ត្រូវ​បាន​លោក ថា​ន់ ឡេ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំ​ខ្លូ​ន​នៅ​ពន្ធនាគារ PJ ។

ការ​សម្រេច​ឃុំខ្លួន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ ក្រោយ​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ពី​បទល្មើស «​ផលិត ជួញដូរ រក្សា​ទុក ចាត់ចែង​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» ។

សូម​ជម្រាប​ថា លោក​ចៅក្រម​ដដែល ក៏​បាន​សម្រេចចេញ​ដីការ​ឃុំ​ខ្លូ​ន​អ្នក​ពាក់ព័ន្ធ​៤​នាក់​ផ្សេង​ទៀត នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ផង​ដែរ ពី​បទ «​សមគំនិត​ក្នុង​អំពើ​ជួញដូរ រក្សា​ទុក ចាត់ចែង​ប្រើប្រាស់ និង​សម្រួល​ឱ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​» ​។

សូម​បញ្ជាក់​ថា ក្លឹ​ប​កម្សាន្ត «​ម៉ៃ​អា​មី​» ​ស្ថិត​នៅ​ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌចំការមន ចុះ​បិទ​ចំនួន​៣​លើក​រួច​មក​ហើយ តែ​បិទ​មិន​បាន ទើប​ពេល​នេះ​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ស ថេ​ត ចុះ​បិទ​ដោយ​ផ្ទាល់​តែ​ម្តង ដោយ​រឹបអូស​បាន​គ្រឿងញៀន​ប្រមាណ​ជាង​១០​គីឡូក្រាម នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទាំង​យប់​ ។ ក្រៅពី​ការ​រឹបអូស​បាន​ថ្នាំ​ញៀន កម្លាំង​នគរបាល​ក៏​បាន​រឹបអូស​បាន​ឧបករណ៍​ជក់ និង​កែ​ច្នៃ​យ៉ាងច្រើន នៅ​ក្នុង​ក្លឹ​ប​ផង​ដែរ ។ ចំពោះ​ម្ចាស់​ក្លឹ​ប «​ម៉ៃ​អា​មី» ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៨​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ផង​ដែរ ៕