(ខេត្តកំពង់ស្ពឺ)៖ នៅវេលាម៉ោង ៣:២៥នាទីល្ងាចថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៨-៣៩ ស្ថិតក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពសមត្ថកិច្ចពីកន្លែងកើតហេតុបានអោយដឹងថា យុវជនម្នាក់ជិះម៉ូតូឌុប ព្រះសង្ឃ០២អង្គ ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតបុកសត្វគោ ដែលកំពុងឆ្លងផ្លូវ បណ្តាឲ្យដួលម៉ូតូ ខណៈពេលនោះ ក៏មានរថយន្តដឹកប្រេងក្រុមហ៊ុនតេលា មកដល់ ជាន់ហ្វ្រាំងមិនទាន់ក៏កិនជនរងគ្រោះ ទាំង០៣នាក់ បណ្តាលឲ្យព្រះសង្ឃ០២អង្គសុគត និងយុវជនម្នាក់អ្នកបើកម៉ូតូ បានស្លាប់បាត់បង់ជីវិត ព្រមទាំងគោ ងាប់គោ០១ក្បាលថែមទៀត តៃកុងឡានភ័យរត់គេចបាត់។

ម៉ូតូរងគ្រោះម៉ាកC12 5 ព័ណ៌ខ្មៅ សេរីឆ្នាំ ២០១៤ ពាក់ផ្លាកលេខកំពង់ស្ពឺ 1G-1686 បើកបរដោយឈ្មោះ ទូច កុយ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិអង្គទន្លាប់ ឃុំសំរោង ទង ស្រុកសំរោងទង ឌុបព្រះសង្ឃ២អង្គ ព្រះនាម អៀង បញ្ញា ព្រះជន្ម១៧វស្សា ព្រះនាម ម៉ៅ រិទ្ធិកា ព្រះជន្ម១៦វស្សា គង់នៅវត្តអង្គទន្លាប់។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងគណៈកម្មការវត្ដ ទទួលយកធ្វេីបុណ្យ តាមទំនៀមទំលាប់សាសនា រីឯវត្ថុតាងយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីចាត់ការតាមនីតិវិធី៕