ភ្នំពេញ៖ យោងតាមប្រភពច្បាស់ការណ៍ បានប្រាប់សារព័ត៌មានថា នៅថ្ងៃទី១៤ ខែមេសា នេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុនីរ័ត្ន បានសម្រេចចោទប្រកាន់បុរសម្នាក់ ដែលបានលើកដៃវាយនារីម្នាក់ បណ្តាលឲ្យដួលអុកគូថនៅផ្សារកណ្តាលនោះ ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ហើយបច្ចុប្បន្នចៅក្រមស៊ើបសួរ កំពុងបន្តនិតិវិធីលើជនត្រូវចោទ និងកំពុងពិចារណាថា តើឃុំខ្លួនឬមិនឃុំខ្លួន ។

ជនដៃដល់មានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ូក ដាក់រហស្សនាមឲ្យថា បុរសដៃខ្លាំង ធ្លាប់ជាប់គុកព្រៃស១ឆ្នាំម្តងរួចមកហើយ កាលពីឆ្នាំ២០១៧ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដែលប្តឹងដោយឪពុកម្តាយបង្កើតផ្ទាល់តែម្តង ។

បើយោងតាមការរៀបរាប់ របស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាងនិងប្អូនស្រី បានដើរចេញពីផ្ទះ ទៅផ្សារ ដើម្បីទិញបាយហូប ហើយក៏ដើរត្រឡប់មកវិញ ដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាង ឃើញដូច្នោះប្អូនស្រីរបស់នាង ក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងក៏បានសួរអ្នកបើករថយន្តថា បើកប្រញ៉ាប់ទៅណា? ហើយអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាងដោយពាក្យសម្តីមិនសមរម្យជាច្រើន ឭដូច្នោះនាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។ បន្ទាប់មកនាងក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ។

ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែងនៅលើបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបាន ប្រហែល១ខែប៉ុណ្ណោះ។ រូបគេបានសារភាពទទួលកំហុសថាបានប្រើហិង្សា ដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន​ ៕