ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់មន្ត្រីតុលាការ បានឲ្យដឹងនៅថ្ងៃទី១២ ខែមេសា នេះថា លោក​ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​​ សម្រេច​ចោទប្រកាន់​លោកវរសេនីយ៍ទោ ហោ រ៉ាពិណាត នាយរងការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និង​ បក្ខពួក​២នាក់​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ ហើយបច្ចុប្បន្នជនត្រូវចោទទាំង៣នាក់ និងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចេញដីការឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្នផងដែរ ។

បញ្ជាក់៖ ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានចាប់ខ្លួនកាលពីយប់ ​ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៩​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ រាជធានីភ្នំពេញ​ ។ ដោយយោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែរំលឹក និងហាមដាច់ខាតមិនឲ្យមន្ត្រីណាម្នាក់ មានជាប់ពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន ក៏ដូចជាបទល្មើសផ្សេងៗនោះទេ បើមន្ត្រីណាល្មើសនិងច្បាប់ ត្រូវទទួលទោសជាដាច់ខាត ហើយបណ្តេញចេញពីក្របខណ្ឌទ័ពផងដែរ ៕