សិល្បៈ៖ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ គេសង្កេតឃើញមានផលិតកម្មធំៗទាំងអស់បានផលិតបទចម្រៀងថ្មីៗមានទាំងបទប្រជាប្រិយ ញាក់កន្ទ្រាក់អារម្មណ៍ សម្រាប់រាំលេងកម្សាន្ត ។

ទាក់ទងជាមួយគ្នានេះដែរ សម្រាប់ លោក សុខ ដែន ដែលជាតារាពហុជំនាញមួយរូបកំពុងទទួលបានប្រជាប្រិយភាព ក៏បានផលិតបទចម្រៀងថ្មីៗមួយចំនួនសម្រាប់អបអរសាទររាំលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មី ហើយក្នុងនោះបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍ជាងគេគឺបទ «ចូលឆ្នាំខ្មែររាំបទខ្មែរ» ។

ចំពោះបទចម្រៀងមួយបទនេះលោក សុខ ដែន បានឲ្យដឹងថា លោកផលិតឡើងជាពិសេសសម្រាប់ដាស់អារម្មណ៍យុវជន យុវតីខ្មែរឲ្យនាំគ្នារាំចង្វាក់ប្រពៃណីខ្មែរ ដែលជាមរតករបស់ដូនតាបន្សល់ទុកឲ្យតាំងពីបុរាណកាលមក ហើយអ្វីដែលលោកបារម្ភនោះគឺលោកសង្កេតឃើញថា ភាគច្រើនយុវជន យុវតីខ្មែរយើងពុំសូវស្ទាត់រាំចង្វាក់ប្រពៃណីខ្មែរឡើយដូចជាចង្វាក់ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ កន្ទ្រឹម ជាដើម ។

តារាក្បាច់គុណ និងជាផលិតករវ័យក្មេងរូបនេះបានបញ្ជាក់ថា ថ្វីបើបច្ចុប្បន្នលោកកំពុងមមារញឹកថតរឿង «ពិសស្នេហ៍»(ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥) និងរឿង «កំពូលអ្នកស៊ើបអង្កេតខួរក្បាលអច្ឆរិយៈ»(ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍បាយយ័ន) យ៉ាងណាក្ដី ក៏លោកនៅតែឆ្លៀតផលិតចម្រៀងខ្លួនឯងដើម្បីកំដរអារម្មណ៍អ្នកគាំទ្រ ហើយអ្វីដែលលោកចង់បាននៅក្នុងបទចម្រៀង «ចូលឆ្នាំខ្មែររាំបទខ្មែរ» នេ គឺចង់ឲ្យកូនខ្មែរថែរក្សាទាំងល្បែង និងចង្វាក់រាំប្រជាប្រិយ កាត់បន្ថយការនិយមរាំបទបបែកស្លុយ រហូតដល់ភ្លេចចង្វាក់ខ្មែរដែលមានក្ខណៈស្លូតបូត និងថ្លៃថ្នូ ។

លោក ទុយ តួ (ក្មេងដំរីឆ្លង)

សូមបញ្ជាក់ថា បទចម្រៀង «ចូលឆ្នាំខ្មែររាំបទខ្មែរ» គឺសរសេរទំនុកចម្រៀងដោយលោក ទុយ តួ (ក្មេងដំរីឆ្លង) ដែលជាអ្នកនិពន្ធបទចម្រៀងល្បីៗជាច្រើនបទមានដូចជាបទ «អាកូនឈាមថោក» «សង្សារស្អុយ» «សង្សារអស់កែ» «អាសាហាវ» «អាថោកឈ្មោះថ្មី ដែលស្រីដាក់ឲ្យ» និងបទ «ម៉ែក្មេកមុខលុយ» ៕
សហការី KBN