រាជធានីភ្នំពេញ ៖ ទីបំផុត បុរស​ម្នាក់​ដែល​បាន​បង្ក​ហិង្សា ​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ឱ្យ​ដួល​អុកគូទ​នៅ​នឹង​ថ្នល់ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រៀបចំ​បញ្ជូន​ទៅ​តុលាការ​ហើយ បន្ទាប់​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​សាកសួរ​និង​កសាង​សំណុំរឿង​ចប់​សព្វគ្រប់ នេះបើតាម គេហផេករបស់​កងអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

សូមរម្លឹក​ថា កាលពី​ថ្ងៃ​ទី​០៩ មេសា ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​១៣៦ កែង​នឹង​ផ្លូវ​លេខ​១៥ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ មាន​ករណី​ហិង្សា​មួយ​កើតឡើង ដោយ​ជន​រង​គ្រោះជា​ស្ត្រី​ទន់ខ្សោយ មានឈ្មោះ ថា ទូច លី​ន​ដា ត្រូវ​បាន​បុរស់​ម្នាក់​បាន​ទះកំផ្លៀង​នាង​ឱ្យ​ដួល​អុកគូទ​នៅ​នឹង​ថ្នល់​។

បើ​តាម​សម្តី​របស់​ជន​រង​គ្រោះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ហិង្សា​កើតឡើង គឺ​ដំបូង​ឡើយ​រូប​នាង​និង​ប្អូនស្រី បាន​ដើរ​ចេញពីផ្ទះ ទៅ​ផ្សារ ដើម្បី​ទិញ​បាយ​ហូប ហើយ​ក៏​ដើរ​ត្រឡប់​មក​វិញ ដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​មួយ​គ្រឿង បាន​បើក​យ៉ាង​លឿន​សំដៅ​មក​រក​រូប​នាង ឃើញ​ដូច្នោះ​ប្អូនស្រី​របស់​នាង ក៏​ស្ទុះ​ចាប់ដៃ​នាង​អូស​គេច​ចេញ ពេល​នោះ​នាង​ក៏​បាន​សួរ​អ្នក​បើករថយន្ត​ថា បើក​ប្រ​ញ៉ាប់​ទៅ​ណា ? ហើយ​អ្នក​បើករថយន្ត​ក៏​បាន​ចុច​កញ្ចក់​ចុះ និង​ជេរ​រូប​នាង​ដោយ​ពាក្យ​សម្តី​មិន​សមរម្យ​ជា​ច្រើន ឭ​ដូច្នោះ​នាង​ក៏​បាន​ជេរ​តបត​វិញ ស្រាប់តែ​អ្នក​បើករថយន្ត​នោះ ដើរមក​វាយ​នាង​ចំ​កណ្តាល​មុខ បណ្តាល​ឲ្យ​ដួល​តែ​ម្តង ​។ បន្ទាប់​មក​នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ ។

ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង អាវុធហត្ថ​បាន​បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​ជនសង្ស័យ ក្នុង​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៩​ម្សិលមិញ​ ។

ក្រោយ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​អាវុធហត្ថ ជនសង្ស័យ​បាន​សារភាព​ឲ្យ​ដឹង​ថា រូបគេ​មានឈ្មោះ ឡោ ប៊ុ​ន​ភ័ក្ត្រ អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​មួយ​កន្លែង​ នៅ​លើ​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ហើយ​រូបគេ​ទើបតែ​បម្រើ​ការងារ​បាន ប្រហែល​១​ខែ​ប៉ុណ្ណោះ​ ។ រូបគេ​បាន​សារភាព​ទទួលកំហុស​ថា ពិតជា​បាន​ប្រើ​ហិង្សា ដូច​ការ​ចោទប្រកាន់​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ ជនសង្ស័យ​បាន​សារភាព​បន្ថែម​ថា កន្លង​មក​រូបគេធ្លាប់​ជាប់គុក​ព្រៃ​ស​រយៈពេល​០១​ឆ្នាំ​រួច​ម្តង​ហើយ ក្នុង​ឆ្នាំ​២០០៧-២០០៨ ពី​បទៈ បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត ដោយ​ត្រូវ​បាន​ឪពុក​ម្ដាយបង្កើត ជា​អ្នក​ប្ដឹង​ឲ្យ​ជាប់គុក ផងដែរ ៕