ខេត្តកណ្ដាល ៖ មាន​ករណី​ផ្ទុះ​ធុង​ហ្គា​ស​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស LEXUS 470 បណ្តាល​អោយ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត បាន​រង​របួស​រលាក​ពេញ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ ។

និង​ឆេះ​រាលដាល​ខូចខាត​រថយន្ត​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​កណ្តាល 2B-1385 ព្រមទាំង​រៀលដាល​ដល់​ផ្ទះ​លក់​សម្ភារៈ​ក្មេង​លេង​(​គ្រឿង​ជ័រ​) មួយ​កន្លែង​ទៀត ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង កំពុង​ចេញ​ជួយ​អន្តរាគមន៍ ។

ហេតុការណ៍​ផ្ទុះ​ធុង​ហ្គា​ស​រថយន្ត​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ផ្លូវ​មុខ​ផ្សារ​តា​ខ្មៅ​(​ចាស់​) មាត់​ស្ទឹង​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ជាបឋម​ថា ការ​ធុង​ហ្គា​ស​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប​នេះ បណ្តាល​អោយ​ឆេះ​ខូចខាត​រថយន្ត​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​កណ្តាល 2B-1385 ព្រមទាំង​ឆេះ​រាលដាល​ដល់​ផ្ទះ​លក់​សម្ភារ​ក្មេង​លេង (​គ្រឿង​ជ័រ​) មួយ​កន្លែង​ទៀត ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ចេញ​មក​ជួយ​អន្តរាគមន៍ ផង​ដែរ ។

ទោះជា​យ៉ាងណា បុរស​រង​គ្រោះ​ដែល​ត្រូវ​ឆេះ​រលាក​ពេញ​ខ្លួនប្រាណ​នោះ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម រង​ចាំ​រថយន្ត​សង្គ្រោះ​មក​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផង​ដែរ ។

សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បញ្ជាក់ អោយ​បាន​ច្បាស់​ពី​មូលហេតុ ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​ធុង​ហ្គា​ស​កើត​មាន​អគ្គិភ័យ​នេះ នៅឡើយ​ទេ ។

ជា​ការ​កត់សម្គាល់ ជា​រើ​យ​ៗ​គេ​តែងតែ​ឃើញ​មាន​ករណី​ផ្ទុះ​ធុង​ហ្គា​ស​ទាំងនេះ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​រង​របួសធ្ងន់​-​ស្រាល រហូត​ដល់​ពេល​ខ្លះ​មាន​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ថែម​ទៀត បណ្តាល​មក​រថយន្ត​កែ​ច្នៃ​ពី​ប្រើ​សាំង ឫ​ម៉ា​ស៊ូ​ត មក​ប្រើ​ហ្គា​ស​វិញ ដែល​ជា​មូលហេតុ នៃ​កែ​ច្នៃ​ខុស​បច្ចេកទេស​ដើម ៕