រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ឆ្មក់​ចូល​បង្ក្រាប​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​ឈ្មោះ ម៉ៃ​អា​មី សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩​នេះ ប្រតិបត្តិការ​បន្ត​រហូត​ដល់​រសៀល​ថ្ងៃ​ទី​១១ មេ​សា​ដដែល​នេះ ដោយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​និង​កំពុង​បន្ត​ការ​ស្រាវជ្រាវ​ដោយ​ប្រើ​សត្វ​ឆ្កែ ដើម្បី​ហិតក្លិន​រុករក​គ្រឿងញៀន​បន្ថែម​ទៀត ។

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជា​លទ្ធផល​បឋម​កម្លាំង​សមត្ថកិច្ច​រក​ឃើញ​ថ្នាំ​ញៀន​ប្រមាណ​ជាង​១០​គីឡូក្រាម​ទៀត ។

ក្រៅពី​ការ​រឹបអូស​បាន​ថ្នាំ​ញៀន​១០​គីឡូ កម្លាំង​នគរបាល​ក៏​បាន​រឹ​បងអូស​បាន​ឧបករណ៍​ជក់ និង​ឧបករណ៍​ផលិត​កែ​ច្នៃ​ជាច្រើន​ទៀត​ផង​ដែរ ដែល​ក្រុម​ជនសង្ស័យ​លួចលាក់ធ្វើ​សកម្មភាព​នៅ​ក្នុង​ក្លិប​តែ​ម្តង ។

គិត​មក​ត្រឹម​ពេល​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ ដើម្បី​ចាត់វិធានការ​ទៅ​ផ្លូវច្បាប់ ។

កាលពីម្សិលមិញ​នេះ ក្រោយ​ពី​ធ្វើតេស្ដ​ទឹកនោម​ទៅ​លើ​យុវជន​ជាង​៥០​នាក់ ដែល​ឃាត់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្លឹ​ប​កម្សាន្ដ «​ម៉ៃ​អា​មី​» សមត្ថកិច្ច​បាន​រក​ឃើញ​យុវជន មាន​ផ្ទុក​សារធាតុ​ញៀន​នោះ​ចំនួន៣២​នាក់ ​។

សូម​ជម្រាប​ថា ក្លិប​កម្សាន្ត​«​ម៉ៃ​អា​មី​»​មួយ​នេះ ស្ថិត​នៅ​ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌចំការមន ចុះ​បិទ​ចំនួន​០៣​លើក​រួច​មក​ហើយ តែ​បិទ​មិន​បាន ទើប​ពេល​នេះ​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​បិទ​ដោយ​ផ្ទាល់​តែ​ម្តង ៕