ភ្នំពេញ៖ នាវេលាល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ម្សិលម៉ិញនេះ រោងភាពយន្តលេជេន ដែលជារោងភាពយន្តទំនើបដ៏ធំ និងឈានមុខគេនៅកម្ពុជា បានរៀបចំពិធីជួបជុំកំពូលអ្នកមើលកុន និងអ្នកវិភាគរឿង ធំបំផុតប្រចាំឆ្នាំ២០១៩ មួយដែលកម្មពិធីនេះមានឈ្មោះថា Influencers ពោលគឺជាពិធីជួបជុំ ។

សម្រាប់កម្មពិធីខាងលើនេះដែរ គឺបានរៀបចំនៅរោងភាពយន្តលេជេនសាខា Eden garden ហើយក្រៅពីមានការជួបជុំអ្នកវិភាគរឿង ក្នុងនោះក៏មានការចូលរួមជាពិសេសពីសំណាក់អ្នកធ្វើវីដេអូ Vlog ល្បីៗក្នុង Youtube ទៀតផង ។

ជាមួយគ្នានេះដែរពិធីជួបជុំ Influencers ក៏មានការលេងហ្គេមកម្សាន្តសប្បាយ និងមានការចាប់រង្វាន់ជាច្រើន ធ្វើឲ្យកម្មវិធីកាន់តែកក្រើកមួយកម្រិត។ ជាពិសេសក្រៅពីមានការជួបជុំ ក្នុងនោះរោងភាពយន្តLegend ក៏បានរៀបចំឲ្យមានការទស្សនា Pre-screening ខ្សែភាពយន្តរឿង “មួយជំហានទៀតដើម្បីក្បែរបង” ឬ Five feet apart។

ខ្សែភាពយន្ត «មួយជំហានទៀតដើម្បីក្បែរបង» ឬ «Five feet apart» ជាខ្សែភាពយន្តមនោសញ្ចេតនាបែបកម្សត់ និងរ៉ូមែនទិក ហើយវាជាស្នាដៃដឹកនាំដោយលោក Justin Baldoni ផលិតករជនជាតិអាមេរិកវ័យ ៣៥ឆ្នាំ ។

នៅក្នុងរឿងនេះ ស្រីស្អាត Haley Lu Richardson បានសម្ដែងជានាង Stella ជាតួឯកស្រីដែលមានជំងឺសួតម៉្យាង ជាហេតុតម្រូវឲ្យនាងត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យដើម្បីឆ្លងកាត់ការព្យាបាលដ៏សែនឈឺចាប់យ៉ាងច្រើនស្ទើរតែរាល់ថ្ងៃ។ ទោះជាយ៉ាងណា មន្ទីរពេទ្យនោះហើយ ជាកន្លែងដែលនាងជួបបុរសជាទីស្រលាញ់គឺ Will។ Will ដែលសម្ដែងដោយលោក Cole Sprouse ។

ធានាថា ទាំងសាច់រឿង និងសមត្ថភាពសម្ដែងដ៏ប៉ិនប្រសព្វរបស់យុវវ័យទាំងពីរនាក់ ដែលជាតួឯកប្រុសស្រីមានវ័យត្រឹម ២៤ឆ្នាំ (តួឯកស្រី) និង ២៦ឆ្នាំ (តួឯកប្រុស) ពិតជាធ្វើឲ្យទស្សនិកជនជាពិសេសយុវវ័យរំភើបចិត្តអន្លងអន្លោចចូលតួរតាមជាក់ជាមិនខាន ។ បើអ្នកទាំងអស់គ្នាចង់ដឹងច្បាស់គឺអាចទៅទស្សនាបាននៅគ្រប់រោងភាពយន្ត Legend Cinemas គ្រប់សាខា ចាប់ពីថ្ងៃទី១២ ខែមេសា ខាងមុខនេះ៕