រាជធានីភ្នំពេញ៖ ប្តីប្រពន្ធមួយគូតែងតែមានរឿងរកាំរកូសទាស់សម្ដីគ្នារហូត ហើយថែមទាំងរស់នៅផ្សេងពីគ្នាទៀតផង ។ លុះមានកម្មវិធីបុណ្យភូមិ ស្រ្តីជាប្រពន្ធ នៅនឹកស្រណោះប្តីខ្លះៗដែរនោះ ក៏បានទូរស័ព្ទហៅប្តីឲ្យមកចូលរួមផឹកស៊ីរាំរែកយ៉ាងសប្បាយនឹងគេ លុះផឹកស្រវឹងស្រឿងៗ ស្រាប់តែបុរសជាប្តី បែរបញ្ចេញអាកប្បកិរិយាកោងកាចដាក់គេឯងដែលផឹកស៊ីជាមួយគ្នា រហូតបង្កជាជម្លោះជាមួយប្រពន្ធបែកផ្សែងដូចមុនដដែល ។

ហេតុការណ៍នេះបសនកើតឡើងកាលពីរវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទាន់ជួយលេខ២០ ផ្លូវលំជាប់និងរបងផ្ទះចៅសម្បត្តិ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ប្តីប្រពន្ធមួយគូខាងលើនេះ បានចាប់ដៃគ្នារៀបការសាងគ្រួសារ អស់រយ:ពេល៤ឆ្នាំមកហើយ មានកូនស្រីមា្នក់ ទើបមានអាយុ២ឆ្នាំ។ តែក្នុងអំឡុងរយ:ពេល១ឆ្នាំចុងក្រោយកន្លងមកនេះ ប្តីប្រពន្ធមួយគូខាងលើ តែងតែមានរឿងរកាំរកូសទាស់សម្ដីគ្នាជាប់ជាប្រចាំ រហូតដល់សម្រេចចិត្តរស់នៅផ្ទះផ្សេងពីគ្នាទៀតផង។

នៅថ្ងៃកើតហេតុនារីជាប្រពន្ធ បានទៅចូលរួមក្នុងកម្មវិធីបុណ្យភូមិ នៅផ្ទះមិត្តភក្តិរបស់នាងដែលនៅក្បែរកន្លែងកើតហេតុខាងលើ។ ពេលនោះនារីជាប្រពន្ធដែលនៅនឹកស្រណោះប្តីខ្លះៗដែរនោះ ក៏បានទូរស័ព្ទហៅបុរសជាប្តីឲ្យមកចូលរួមផឹកស៊ីរាំរែកយ៉ាងសប្បាយផងដែរ។ លុះផឹកស្រវឹងស្រឿងៗ ស្រាប់តែបុរសជាប្តី បែរបញ្ចេញអាកប្បកិរិយាកោងកាច់ ដាក់គេឯង ដែលផឹកស៊ីជាមួយគ្នា ខណ:នោះនារីជាប្រពន្ធ ក៏បាននិយាយណែនាំប្តី ប៉ុន្តែបុរសជាប្តីនៅតែមិនស្តាប់។

ដោយនារីជាប្រពន្ធខឹង និងមិនចូលចិត្តទង្វើរបស់ប្តី នាងក៏បានចាកចេញពីកម្មវិធីនោះ ត្រលប់ទៅបន្ទាន់ជួលកើតហេតុខាងលើវិញ ទុកឲ្យបុរសជាប្តីនៅផឹកស៊ីបន្ត។ លុះដល់វេលាកើតហេតុ បុរសជាប្តីបានកើតចិត្តប្រចណ្ឌខឹងប្រពន្ធ ដែលត្រលប់ទៅផ្ទះបាត់ សង្ស័យថានាងមានអ្នកថ្មីចោលខ្លួន ទើបបុរសជាប្តី បានតាមទៅរកប្រពន្ធដល់បន្ទប់ជួល ហើយបានឈ្លោះប្រកកែកគ្នាយ៉ាងតឹងសរសៃក រហូតឈានដល់ហិង្សា បណ្តាលឲ្យនារីជាប្រពន្ធរងរបួសពកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ ៕