អន្តរជាតិ៖ យោងតាមសារព័ត៌មាន Putnik របស់រុស្ស៊ី បានផ្សាយឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ របស់អាមេរិកម៉ាក B-52 ដែលបានចូលរួមនៅក្នុងសង្គ្រាមជាច្រើនដង ហើយមិនដែលរងការបាញ់ប្រហារពីសត្រូវម្តងណានោះឡើយ តែពេលថ្មីៗនេះក្រុមភារវកម្មរបស់តាលីបង់ បានប្រកាសជាផ្លូវការថា ខ្លួនបានបាញ់ទម្លាក់យន្តហោះខាងលើនេះ ខណៈពេលដែលយន្តហោះនេះចាប់ផ្តើមហោះឡើង ។

ក្រោយពីការបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ របស់អាមេរិកខាងលើនេះ ត្រូវបានព័ត៌មានផ្សាយថា ក្រុមអាកាសយានិកដែលនៅក្នុងយន្តហោះខាងលើ ត្រូវបានស្លាប់ទាំងអស់ ហើយក្រោយពីការបាញ់ធ្លាក់ ក្រុមភារវកម្មរបស់តាលីបង់ បានចេញមុខប្រកាសភ្លាមៗថា ខ្លួនគឺជាអ្នកបាញ់ទម្លាក់យន្តហោះខាងលើ នៅប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១០ ខែមេសា ថ្មីៗនេះ ។

ទោះជាយ៉ាងណា គេហទំព័រ Muraselon បានផ្សាយឲ្យដឹងថា យន្តហោះ B-52 រងការបាញ់ប្រហារពីក្រុមភារវកម្ម ចាប់ផ្តើមហោះហើរចេញពីទីតាំងកងទ័ពអាកាស នៅក្នុងស្រុក Shawrab ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន វេលាព្រឹកថ្ងៃទី១០ ខែមេសា ២០១៩នេះ ហើយយន្តហោះខាងលើ ត្រូវបានបាញ់ធ្លាក់ពិតប្រាកដមែន ហើយអាកាសយានិកទាំងអស់ត្រូវបានស្លាប់ ប៉ុន្តែមកទល់ពេលនេះ មន្ត្រីអាមេរិក និងអាហ្វហ្គានិស្ថាន មិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការខាងលើនៅឡើយនោះទេ។

កម្លាំងទាហានតាលីបង់បានបង្ហាញវត្តមាននៅឆ្នាំ ១៩៩៤ ក្រោយសង្គ្រាមស៊ីវិលនៅអាហ្វហ្គានីស្ថាន ។ តាលីបង់បានកាន់អំណាច មួយផ្នែកធំនៃទឹកដី អាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០០១។ ក្នុរយៈពេលនោះតាលីបង់បានប្រើប្រាស់ច្បាប់អ៊ីស្លាម Sharia ដ៏តឹងតែងមកគ្រប់គ្រង ។

នៅឆ្នាំ២០០១ កម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក បានវាយប្រហារផ្តួលរំលំរបបតាលីបង់។ ប៉ុន្តែមកទលពេលនេះក្រុមតាលីបង់ បានលាក់ខ្លួននៅគ្រប់ទិសទី ក្នុងទឹកដីអាហ្វហ្គានីស្ថានដើម្បីប្រឆាំង និងរដ្ឋាភិបាល ក៏ដូចជាកម្លាំងទាហានអាមេរិកនៅទីនោះ ៕