ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ( គ​.​ប​.​ផ​.​ក ) បាន​ធ្វើ​សន្និសីទកាសែត ដើម្បី​បង្ហាញ​ពី​ការ​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ឆែកឆេរ និង​រឹបអូស​បាន​ឱសថ​ខុសច្បាប់​ជា​ច្រើន​ប្រភេទ មាន​ជា​អាទិ៍ ឱសថ​ជំនួយ​ផ្លូវភេទ ឱសថ​បង្កើន​អារម្មណ៍​ផ្លូវភេទ បង្កើន​ភាព​ស្រើបស្រាល (​ថ្នាំ​សម្រើប​) ឱសថ​មិន​បាន​ចុះ​បញ្ជិការ គ្មាន​លិខិតអនុញ្ញាត​ឲ្យ​នាំ​ចូល ឱសថ​ហួស​កាលបរិច្ឆេទ​កំណត់ និង​ឱសថ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់ ។

សន្និសីទកាសែត ការ​បង្ហាញ​ពី​ឱសថ​ខុសច្បាប់​ទាំងនេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ អគារ​W ។

លោកមៀ​ច សុ​ផា​ន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​នោះ​បាន​រឹបអូស​បាន​ឱសថ​បុរាណ​ចិន​សម័យ ជំនួយ​ផ្លូវភេទ​បង្កើន​ភាព​ស្រើបស្រាល​ខុសច្បាប់ បាន​ចំនួន​១៨១៦០​គ្រាប់ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម និង​មិន​បាន​ចុះបញ្ជី​ការ គ្មាន​លិខិតអនុញ្ញាត​ឱ្យ​នាំ​ចូល ហួស​កាលបរិច្ឆេទ​កំណត់ និង​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ ក្រុម​បង្គាប់ការ​កម្លាំង​ពិសេស នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ឆែកឆេរ​ផ្ទះ​លក់​ឱសថ​បុរាណ​ចិន ចំនួន​៣​ទីតាំង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ (​ហ្សា​ដឺ​ហ្គោ​ល​) ក្នុង​សង្កាត់​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មក​រា ។ ក្នុង​ប្រតិបត្តិការ​នោះ បាន​រក​ឃើញ​ឱសថ​ជំនួយ​ផ្លូវភេទ​បង្កើន​ភាព​ស្រើបស្រាល (​ថ្នាំ​សម្រើប​) មិន​បាន​ចុះបញ្ជី​ការ គ្មាន​លិខិតអនុញ្ញាត​ឱ្យ​នាំ​ចូល​ហួស​កាលបរិច្ឆេទ​កំណត់ និង​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​ជាង​២​ម៉ឺន​គ្រាប់ ។

លោក​បន្ថែម​ថា ម្ចាស់​ទីតាំង​ទាំង​៣ ត្រូវ​បាន​កម្លាំង​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ កំពុង​កសាង​សំណុំរឿង សហការ​ជា​តុលាការ​ដើម្បី​កំណត់​ស្ថានទោស ។ ក្រោយ​ពី​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ក្រោម​ការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យ​ផ្អាក​អាជីវកម្ម​ទាំង​៣​ទីតាំង​ជា​បណ្តោះអាសន្ន ហើយ​សមត្ថកិច្ច​កំពុង​បន្ត​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

តាម​ច្បាប់​កម្ពុជា អ្នក​ជួញដូរ​នឹង​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥០​លាន​រៀល​។ ប៉ុន្តែ​ទោះ​យ៉ាងណា ម្ចាស់​ទីតាំង​ទាំង​៣ ដែល​គេ​ស្គាល់​ថា​ជា​កន្លែង​លក់​ឱសថ​សម័យ បុរាណ​ចិន ដ៏​ធំ​នោះ​ត្រូវ​បាន​ដាក់​ក្នុង​ការ​ឃ្លាំមើល​ពី​សមត្ថកិច្ច និង​តុលាការ ដោយ​រង់ចាំ​ការ​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន និង​ការ​ពិសោធន៍​រក​លទ្ធផល​គ្រប់​ជ្រុងជ្រោយ ។

ឱសថ​ផ្លូវភេទ ត្រូវ​បាន​គេ​ដាក់​លក់​តាម​ប្រព័ន្ធ​អន​ឡាញ​យ៉ាង​ព្រោងព្រាត ដែល​រួម​មាន​តាម​គេហទំព័រ និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដ​ថែម​ទៀត ចំពោះ​ករណី​នេះ លោកមៀ​ច សុ​ផា​ន់​ណា បាន​បញ្ជាក់​ប្រាប់​ថា សមត្ថកិច្ច​របស់​លោក បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​បច្ចេកទេស​ជំនាញ​ផង​ដែរ ដើម្បី​ឈាន​ទៅ​ចាត់វិធានការ​ដល់​ការ​ឃោសនា​លក់​ឱសថ​បម្រើ​ផ្លូវភេទ​តាម​អន​ឡាញ​នេះ ៕