ខេត្តបាត់ដំបង ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​វិធានការ លុប​បំបាត់​ក្លិប​កម្សាន្ដ និង​កន្លែង​បូជាសព នៅ​ជិត​សាលារៀន​ដែល​ធ្វើ ឲ្យ​ប៉ះពាល់ ទៅ​ដល់​ការ​សិក្សា របស់​សិស្ស​និស្សិត ។

ការ​លើក​ឡើង​របស់​សម្តេច​ក្រឡាហោម ស ខេ​ង បែប​នេះ​នៅ​ក្នុង​ឱកាស​ដែល​លោក​ចុះ​ពិនិត្យ ទីតាំង​សាងសង់​អាង​ហែល​ទឹក សកល​វិទ្យាល័យ​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៩ ។

ពិធី​នេះ​ក៏​មានការ​ចូលរួម​អមដំណើរ​ដោយ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​ទាំង​ក្រុមការងារ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត​ជា​ច្រើន​រូប​ផង​ដែរ ។

សម្ដេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ក៏​បាន​លើក​សំណើ​មួយ​ទៅ សម្ដេច​តេ​ជោ ទាក់ទង​រឿង​ការ​ដាក់​ក្លឹ​ប​កម្សាន្ដ​ជិត​សាលារៀន និង​ក៏​បាន​បន្ថែម​ទៅ​ក្នុង​កម្មវិធី​ជាតិ ស្ដី​ពី​សុខភាព គឺថា​យើង​មិន​អនុញ្ញាត​ឲ្យ ដាក់​ក្លឹ​ប​កម្សាន្ដ នៅ​ជិត​សាលារៀន​ទេ​។ បើ​មិន​អ​ញ្ចឹ​ង​ទេ នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិន​មូល បែក​ហើយ បើ​ថា​ក្លឹ​ប​នឹង​លួចលាក់ មាន​គ្រឿងញៀន​ទៀត អាហ្នឹង​គឺជា​បញ្ហា ជា​ពិសោធន៍​កន្លង​ទៅ​»​។ សម្តេច​បាន​បន្ត​ទៀត​ថា «​កន្លែង​ប​ច្ឆា​ដុត​ខ្មោច ដុត​អី​មិន​ឲ្យ​មាន​ជិត​សាលា​ទេ ក្មេង​មាន​អារម្មណ៍​ភ័យ​ខ្លាច សម្រាប់​ការ​រៀនសូត្រ​របស់​ក្មេង​» ។

ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​មតិ​មហាជន​ខ្លះ​បាន​លើក​ឡើង​ថា មិន​ថា ក្លឹ​ប​កម្សាន្ត​ទេ សូម​បី​តែ កន្លែង ហ្គា​ម game គ្រប់​ប្រភេទ​ទាំងអស់ ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​លុប​បំបាត់ កុំអោយ​នៅ​ជិត​សាលារៀន ផង​ដែរ ៕