រាជធានីភ្នំពេញ៖ ក្រោយពីបានសិក្សាចិត្តគ្នាជាង១ឆ្នាំ និងឃើញថា បុរសជាម្ចាស់ស្នេហ៍នោះ ចេះយោគយល់អធ្យាស្រ័យគ្នា និងការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក ហើយឪពុកម្ដាយទាំងសងខាង ពេញចិត្តផងនោះ តារាម៉ូដែល កញ្ញា សូរ្យ អេនណា និងជាប្រធានក្រុមម៉ូដែល”តារារះថ្មីកម្ពុជា” បានសម្រេចចិត្តចូលរោងការជាមួយបុរសសង្ហាម្នាក់ជនជាតិហូឡង់ នៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០១៩ ដោយនាងបានអញ្ជើញភ្ញៀវ ជាង៦០តុ នៅ មណ្ឌលអាពាហ៍ពិពាហ៍កោះពេជ្រ អាគារ G ក្នុងនោះ មានអ្នកសិល្បៈមួយចំនួនធំ។ ពិសេសជាងនេះទៀត ភ្ញៀវខាងកូនកំលោះ ដែលជាសុទ្ធជាជនជាតិបរទេសនោះ ក៏បានចូលរួមយ៉ាងច្រើនកុះករផងដែរ ។

ប្រធានក្រុមម៉ូដែល”តារារះថ្មីកម្ពុជា” កញ្ញាសូរ្យ អេនណា បានឲ្យដឹងថា ពួកគេ ស្គាល់គ្នាដំបូង ក្នុងកម្មវិធីជប់លៀងលាគ្នារបស់មិត្តភ័ក្ដិនាងម្នាក់ ដែលជាបវរកញ្ញាហ្វីលីពីន ហើយចាប់តាំងពីពេលនោះមកក៏មានទំនាក់ទំនងស្នេហាជាមួយគ្នាកាលជាង១ឆ្នាំមកហើយ។
បុរសដែលមានសំណាងមកធ្វើជាម្ចាស់ជីវិត កញ្ញា សូរ្យ អេនណា ឈ្មោះ Maurice Boumen វ័យ៣១ឆ្នាំ ធ្វើការជាអ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ៥ នៅទីក្រុងហុងកុង។

កញ្ញា សូរ្យ អេនណា បានឲ្យសឹងថា ក្រោយពីរៀបការរួច នាងនឹងចេញទៅរស់នៅជាមួយស្វាមីនាង នៅទីក្រុងហុងកុង ហើយក្រុមហ៊ុននាងនៅស្រុកខ្មែរនៅ តែដំណើរការធម្មតាដដែល ដោយនាងត្រូវហោះទៅហោះមក ដើម្បីមើលការងាររកស៊ីលើក្រុមហ៊ុននាង៕