ភ្នំពេញ ៖ ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុះ​មួយ​ករណី នៅ​ខេត្តរតនគិរី នៃ​ប្រទេស​កម្ពុជា​ហើយ វីរុស​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព និង​ផលិតកម្ម​សត្វ​ជាតិ​នៅ​រាជធានី​ភ្នំពេញ ។

របាយការណ៍​បាន​លើក​ឡើង​ថា ការ​ផ្ទុះ​ត្រូវ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក នៅ​ខេត្ត​រតនគីរី ដែល​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ ២០១៩ មក​ម្ល៉េះ រហូត​មក​ដល់​ថ្ងៃនេះ ជ្រូក​ចំនួន​៤០០​ក្បាល​បាន​ងាប់ ហើយ​ជ្រូក​សង្ស័យ​ចំនួន១០០ក្បាល​ទៀត ត្រូវ​បាន​ងាប់ និង​កំទេច​ចោល ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មេ​សា នេះ លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បញ្ជាក់​ថា ពិតជា​មាន​ករណី​ផ្ទុះ​ប៉េ​ស​ជ្រូក​អាហ្វ្រិក នៅ​កសិដ្ឋាន​មួយ នៅ​ក្នុងភូមិ​សោម​កា​និ​ញ ស្ថិត​ក្នុង​ឃុំ​សោម​ធំ ស្រុក​អូ​យ៉ាវ​ដាវ ខេត្តរតនគិរី ពិតប្រាកដ​មែន ដែល​ក្នុង​នោះ​មាន​ជ្រូក៤០០​ក្បាល​ងាប់ និង​សល់​ប្រមាណ​ជាង១០០ក្បាល​នឹង​កំទេច​ចោល​ថ្ងៃនេះ ដែល​សត្វ​ជ្រូក​ទាំងនេះ​ត្រូវ​បាន​ដឹកនាំ​ចូល​ពី​ប្រទេស​វៀតណាម ។ ហើយ​មាន​វិធានការ​ទប់ស្កាត់ ចរាចរណ៍​ជ្រូក ក្នុង​រង្វង់​៣​គីឡូម៉ែត្រ ហើយ​តាមដាន​ស្រាវជ្រាវ​បន្ដ​ទៀត ក្នុង​រង្វង់​១០​គីឡូម៉ែត្រ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០២ មេ​សា ២០១៩ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម លោក វេ​ង សា​ខុន ក៏​បាន​ចេញ​សេចក្ដី​ប្រកាស ពី​ការ​កំណត់​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក អាហ្វ្រិក នៅ​ក្នុងភូមិ​សោម​កា​និ​ញ​ផង​ដែរ ។

បើ​តាម​លោក​រដ្ឋមន្ដ្រី ក៏​បាន​បញ្ជាក់​ថា ជំងឺ​នេះ​មិន​ឆ្លង និង​ប៉ះពាល់​ដល់​មនុស្ស​ទេ ប៉ុន្ដែ​បណ្ដាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​ដែល​មាន​អត្រា​ខ្ពស់ រហូត​ទៅ​ដល់​១០០​ភាគរយ​ឯណោះ ។ តែ​ទោះជា​យ៉ាងណា ការ​ចិញ្ចឹម ទិញ​លក់ និង​ដឹក​ជញ្ជូន​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិតផល​ដែល​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក គ្រប់​ប្រភេទ ក្នុង​តំបន់​ផ្ទុះ​ជំងឺ​នេះ​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន ។

សូម​ជម្រាប​ថា យោង​តាម​ស្ថិតិ​របស់​សមាគម​អ្នក​ចិញ្ចឹមសត្វ បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​កម្ពុជា ទទួលទាន​សាច់​ជ្រូក ពី​៤០០០ ទៅ​៥០០០​ក្បាល ហើយ​អាច​នាំ​ចូល​ពី​១០០០​ទៅ​២០០០​ក្បាល ពី​ប្រទេស​ជិតខាង ។

ការ​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក នៅ​ខេត្តរតនគិរី​នេះ មហាជន​ក៏​មានការ​ស្ដីបន្ទោស​ទៅ​លើ​មន្ដ្រី​ពាក់ព័ន្ធ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ពិសេស​អង្គភាព​ប្បសុសត្វ នៅ​តាម​ព្រំដែន​ខេត្តរតនគិរី ដែល​អនុញ្ញាត​ឲ្យ​ឈ្មួញ​ដឹកនាំ​ចូល​សត្វ​ជ្រូក​ដែល​មាន​ជំងឺ ដោយ​ពុំ​មានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ៕

ឈ្មួញ​ដែល​នាំ​ចូល​សត្វ​ជ្រូក​ពី​វៀតណាម មាន​ជំងឺ​ប៉េ​ស នឹង​ប្រឈម​មុខ​ផ្លូវច្បាប់