ភ្នំពេញ៖ កាលពីវេលាម៉ោង១និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ មិនា ឆ្នាំ២០១៩នេះ អគ្គីភ័យមួយ បានឆាបឆេះផ្ទះលក់សម្ភារៈកូនក្មេង ដែលស្ថិតនៅជាន់ទី១ ខណៈពេលដែលម្ចាស់កំពុងលក់ដូរនៅជាន់ក្រោម បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយហេតុការណ៍នេះ បានកើតឡើងនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះមានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នបានផ្លាស់ប្តូទីលំនៅមករស់នៅ ផ្ទះ១៧អា ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ទីតាំងកើតហេតុខាងលើ ហើយមុនពេលកើតហេតុ ខ្លួនបានឮសម្លេងផ្ទុះយ៉ាងខ្លាំង ក៏បានឡើងទៅមើលជាន់ទី១ ស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ រួចក៏ស្រែកឲ្យគេជួយ និងទាក់ទងទៅកាន់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកជួយអន្តរាគមន៍ បាញ់ពន្លត់ភ្លាមៗ ។

ទោះជាយ៉ាងណា អគ្គីភ័យខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១៥គ្រឿង រួមមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន១០គ្រឿង និងរថយន្តអគ្គីភ័យរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៤គ្រឿង ដោយមានរថយន្តពន្លត់អគ្គីភ័យ របស់ផ្សារស្ទឹងមានជ័យចំនួន១គ្រឿងផងដែរ ដោយបានបាញ់រលត់ជាស្ថាពរនៅវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃដដែល ហើយនៅក្នុងហេតុការណ៍នេះផងដែរ មិនមានបណ្តាលឲ្យមនុស្សរងរបួសនោះទេ ហើយក៏មិនទាន់ដឹងថា ខូចខាតសម្ភារៈអស់ប៉ុន្មាននោះដែរ ៕