ខេត្តកំពង់ធំ៖ ជនសង្ស័យជាគ្រូដោះអំពើម្នាក់ បានប្រើល្បិចបញ្ឆោតសិស្សក្រមុំ អាយុ១៩ឆ្នាំម្នាក់ថា នាងត្រូវអំពើរបស់គេហើយ បើចង់ជា ត្រូវតែធ្វើតាមខ្លួនទៅរំដោះគ្រោះនៅក្នុងព្រៃ តែបែរយកទៅរួមភេទ រហូតនាងមានផ្ទៃពោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ដោយនារីជាជនរងគ្រោះ មានអាយុ១៩ឆ្នាំ មុខរបរសិស្ស ចំណែកជនសង្ស័យ ឈ្មោះ ឈឹម ភ័ត្រា ហៅឆាំ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើជាគ្រូដោះអំពើ មានទីលំនៅភូមិ ឃុំខាងលើ ។

មន្រ្តីនគរបាលស្រុកស្ទោង បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹង ពីនារីជាជនរងគ្រោះម្នាក់ បានមកដាក់ពាក្យប្តឹងជនសង្ស័យម្នាក់ ជាគ្រូដោះអំពើ ដោយចោទថា បានប្រើល្បិចលូកស្ទាបច្របាច់សុដន់ លូកប្រដាប់ភេទ និងល្បួងនាំនាងយកទៅរួមភេទ បានសម្រេចជាច្រើនដង នៅក្នុងព្រៃ រហូតនាងមានផ្ទៃពោះ ហើយទាមទារជំងឺចិត្តចំនួន៣០០០ដុល្លារ និងសូមឲ្យផ្តន្ទាទោសតាមច្បាប់ ។

នារីរងគ្រោះបានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង ប្រហែល២រសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ពេលនាងចេញពីសាលាទៅដល់ផ្ទះ ក៏បានជួបជាមួយជនសង្ស័យ កំពុងតែព្យាបាលជំងឺឲ្យបងស្រីរបស់នាងនៅលើផ្ទះ ខណៈនោះនាងក៏ឲ្យជនសង្ស័យទស្សន៍ទាយមើល ព្រោះអីនៅក្នុងខ្លួននាងមិនសូវស្រួលសោះ ចេះតែឈឺនេះឈឺនោះ ។

ជនសង្ស័យទស្សន៍ទាយរួច ប្រាប់នាងថា នាងត្រូវអំពើរបស់គេហើយ បើចង់ជា ត្រូវតែធ្វើតាមខ្លួនទៅ ។ ពេលឮថា ត្រូវអំពើគេដូច្នេះ នាងភ័យណាស់ ហើយក៏យល់ព្រម ធ្វើតាមការបង្គាប់របស់ជនសង្ស័យភ្លាម ដោយជនសង្ស័យតម្រូវឲ្យនាងចូលទៅទទូរភួយឆ្ពុងថ្នាំ ខណៈនាងកំពុងតែឆ្ពុងនោះ ស្រាប់តែជនសង្ស័យ ក៏បានលូកដៃទៅស្ទាបអង្អែល ធ្វើឲ្យនាងមានអារម្មណ៍ស្រើបស្រាលជាខ្លាំង ពេលនោះនាងមិនបានស្រែក ឬក៏រករឿងជនសង្ស័យនោះឡើយ ។

លុះដល់ថ្ងៃបន្ទាប់មកទៀត នៅថ្ងៃទី១០-១១ និងទី១២ ខែមីនា ជនសង្ស័យក៏បានទៅធ្វើសកម្មភាព លូកស្ទាបច្របាច់ដូចពេលមុនៗដដែល រហូតដល់ថ្ងៃទី១៣ ខែមីនា ជនសង្ស័យបានទៅជួបនាង ហើយប្រាប់នាងថា ទាល់តែទៅឆ្ពង់នៅក្នុងព្រៃទើបមានប្រសិទ្ធភាព នាងក៏យល់ព្រមទៅឆ្ពង់នៅក្នុងព្រៃជាមួយជនសង្ស័យ ធ្វើឲ្យមានសម្រើបផ្លូវភេទ ហើយជនសង្ស័យក៏បានរួមភេទជាមួយនាង បានចំនួនពីរដង ។

បន្ទាប់មកទៀត នាងតែងតែទៅរួមភេទជាមួយគ្នាជាបន្តបន្ទាប់ រហូតដល់ចុងក្រោយ នៅរសៀលថ្ងៃទី២១ ខែមីនា ជនសង្ស័យបាននាំខ្លួននាង ទៅក្នុងព្រៃរួមភេទបានម្តងទៀត ។ ក្រោយមក នាងបានទៅពិនិត្យសុខភាព ជាមួយបងស្រីរបស់នាងនៅឯមន្ទីរពេទ្យ ស្រាប់តែគ្រូពេទ្យប្រាប់ថា នាងមានផ្ទៃពោះហើយ ទើបនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នាងក៏មកដាក់ពាក្យប្តឹងទារជំងឺចិត្តតែម្ដង ។

ចំណែកជនសង្ស័យឈ្មោះ ឈឹម ភ័ត្រា បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនេះមែន ក៏ប៉ុន្តែដោយសារតែមានការយល់ព្រមពីនាងផងដែរ ទើបលោកហ៊ានធ្វើយ៉ាងដូច្នេះ។ ជនសង្ស័យបានសារភាពទៀតថា កន្លងមក ខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួនជាង៧ឆ្នាំ ពីបទជាប់ចោទដូចករណីខាងលើនេះដែរ និងទើបតែចេញពីពន្ធនាគារនៅក្នុងឆ្នាំ២០១៨នេះទេ ។

ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕