ខេត្តឧត្តរមានជ័យ ៖ ក្រោយពីដាក់ពន្ធនាគារជិត២ឆ្នាំ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន២នាក់ មកឲ្យសមត្ថកិច្ចខ្មែរវិញ តាមច្រកទ្វារអន្តរជាតិជាំសាងុំា កាលពីវេលាម៉ោង១៦និង២០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ។

សមត្ថកិច្ចទ្វារអន្តរជាតិជាំសាងុំា បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញនោះ ទី១ឈ្មោះ សួង យ៉ាត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិខ្នាតរមាស ឃុំនរាយន៍ ស្រុកឈូក ខេត្តកំពត និង២ឈ្មោះ ព្រំ ដារា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដីចិន ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្នកទាំងពីរត្រូវសមត្ថកិច្ចថៃចាប់ខ្លួន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើគ្រញូង ចូលតាមច្រកត្រពាំងបី ស្ថិតភូមិសាស្ត្រខ្មែរ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈមខាងថៃភូមិ/ឃុំដូនអាវ ស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត និងយកទៅដាក់គុកនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ
ក្រោយពីសមត្ថកិច្ចទ្វារអន្តរជាតិជាំសាងុំា ធ្វើការណែនាំ និងអប់រំរួច អ្នកទាំងពីរត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ រៀងៗខ្លួន៕