ថៃ ៖ តាម​ការ​គ្រោងទុក ការ​ប្រកាស​លទ្ធផល​ត្រូវធ្វើ​ឡើង​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែមីនា ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ បាន​ប្រកាស​ពន្យារពេល​ចេញ​លទ្ធផល​បឋម​រហូត​ដល់​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃ​ចន្ទ​ដដែល​នេះ​វិញ ដោយ​គណៈកម្មាធិការ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់ នៃ​ការ​ផ្អាក​នេះ​ឡើយ ។

បើ​តាម​លទ្ធផល​ក្រៅផ្លូវការ នៃ​ការ​រាប់​សន្លឹក​ឆ្នោត បង្ហាញ​ថា ៖

-​គណបក្ស Pheu Thai ឈរ​លេខ​រៀង​ទី​១ ដោយ​ទទួល​បាន​១៣៥​អាសនៈ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៧,៤២២,៦០០​សន្លឹក ។ គណបក្ស​ភឿ​ថៃ របស់​លោក ថា​ក់​ស៊ី​ន ។

-​គណបក្ស PPRP ឈរ​នៅ​លេខ​រៀង​ទី​២ ជាមួយ​១១៧​អាសនៈ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៧,៩៣៨,៨៩៣​សន្លឹក ។ គណបក្ស ផា​ឡា​ង ប្រា​ឆា​រ៉ាត (Palang Pracharath ឬ PPRP) របស់​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ។

និង​តាម​ពីក្រោយ​ឈរ​លេខ​រៀង​ទី​៣ គឺ​គណបក្ស​អនាគត​ទៅ​មុខ (Future Forward Party) ដែល​ទទួល​បាន ៨០​អាសនៈ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៥,៨៧០,០៩៣​សន្លឹក ។

ជាមួយ​គ្នា​នោះ​ដែរ ទោះបីជា​គណបក្ស​ភឿ​ថៃ (Pheu Thai) បាន​ឈ្នះ​អ​សនៈ​ច្រើន​ជាងគេ​ក៏​ដោយ បើ​យោង​តាម​លទ្ធផល​ក្រៅផ្លូវការ​ខាងលើ គណបក្ស PPRP ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៧,៩៣៨,៨៩៣​សន្លឹក ពោល​គឺ​លើស​គណបក្ស​ភឿ​ថៃ Pheu Thai ដែល​ឈរ​នៅ​លេខ​រៀង​ទី​១ នោះ​វិញ​។ ដូច្នេះ គណបក្ស PPRP អាច​នឹង​ទទួល​បាន​អាសនៈ​បន្ថែម ដែល​គេ​ហៅ​ថា (Party-list Seat) ដែល​នេះ​ជា​ប្រព័ន្ធ​បោះ​ឆ្នោត​របស់​ប្រទេស​ថៃ ៕