ពេលទៅដល់វិទ្យាល័យ សាស្សឺលូ ឡូបា នាទីក្រុងព្រៃនគរដំបូង ធ្វើឲ្យព្រះអង្គមានការស្រងាកព្រះទ័យខ្លះៗដែរ ដោយសារអគារសិក្សាមានសភាពចាស់ និងមានព័ទ្ធរបងតាមបែបអាណានិគមនៅទីនោះ ធ្វើឲ្យព្រះអង្គប្រៀបប្រដូចនៅនឹងរបងពន្ធធរនាគារ ដែលខុសប្លែកពីអគាររដ្ឋបាល របស់មន្ត្រីបារាំងដ៏ធំស្កឹមស្កៃដែលនៅក្បែរៗនោះ ពិសេសគឺខុសគ្នាស្រឡះពីវិទ្យាល័យស៊ីសុវតិ្ថ ដែលមានអគារថ្មីៗ មានទីធ្លាធំទូលាយ សម្រាប់លេងកីឡាបាល់ទាត់ បាល់ទះ និងអត្តពលកម្ម។

សម្ដេចព្រះនរោត្ដម សីហនុ ជាមួយព្រះមាតា និងបិតា

វិទ្យាល័យសាស្សឺលូ ឡូបា មានទីធ្លាតូចចង្អៀត មានផ្ទៃដីរដិបរដុប ពេលស្លៀកខោខ្លីលេងកីឡាបាល់ទាត់ អាចដួលរលាត់ស្បែកក្បាលជង្គង់។ ឯកន្លែងទទួលទានបាយ មានសភាពស្អាត តែមានសភាពងឹងតបន្តិច។ ការគង់នៅក្នុងអគារចាស់នោះហើយ ដែលធ្វើឱព្រះអង្គបានស្គាល់ច្បាស់នូវរសជាតិនៃជីវិតរស់នៅជាសិស្សវិទ្យាល័យសហគមន៍ឥណ្ឌូចិននោះ។

យុវក្សត្រនរោត្តម សីហនុ បានធ្វើការកត់សម្គាល់ថា អស់លោកសាស្រ្តាចារ្យ ទាំងប្រុស ទាំងស្រី ដែលបង្រៀននីទីនោះ សុទ្ធសឹងជាអ្នកមានសមត្ថភាព និងមានគរុកោសល្យស្ទាត់ជំនាញ ហើយបំពេញតួនាទីក្នុងអាកប្បកិរិយា និងសីលធម៌ ប្រៀបដូចជាអ្នកសាងផ្នួស មិនដែលប្រព្រឹត្តអ្វីឲ្យខុសឆ្គងចំពោះសិស្សគ្រប់សញ្ជាតិរបស់ពួកគាត់ឡើយ។ ជាទូទៅសិស្សកម្ពុជា វៀតណាម និងលាវ មានចរិតឫកពារសុភាពរាបសារគ្រាន់បើ ដោយតែងតែនាំគ្នាគោរពកោតខ្លាចចំពោះសាស្ត្រាចារ្យ របស់ខ្លួនជានិច្ច។ ផ្ទុយទៅវិញ សិស្សជាជនជាតិបារាំងខ្លះ មានអាកប្បកិរិយា រប៉ិលរប៉ូច និយាយឆ្ការដៃ ឆ្ការជើង និងលេងសើចច្រើន។

សម្ដេចព្រះនរោត្ដមសី ហនុ ជាមួយអ្នកម្នាង ឃុន ប៉ាត់

ពេលព្រះអង្គរៀនដល់ថ្នាក់ទី២ ព្រះអង្គបានជួបសាស្ត្រាចារ្យស្ត្រីដ៏ស្រស់ប្រិមប្រិយម្នាក់គឺអ្នកស្រី ហ្គោឌ្រី សម្បុរទង់ដែងថ្ពាល់ខួចពណ៌ក្រហមព្រឿងៗ។ ពេលអ្នកស្រីញញឹមម្ដងៗបង្កប់ដោយមន្តស្នេហ៍ ហើយអ្នកស្រីតែងញញឹមដាក់សិស្សទាំងអស់ជាញឹកញាប់។ សូមបើកវង់ក្រចកបន្តិចថាក្រោយពីសម្ដេចសីហនុ បានក្លាយជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន១ឆ្នាំ ព្រះអង្គបានជួបអ្នកស្រីសាស្រ្តាចារ្យ ហ្គោឌ្រី នេះជាថ្មីម្ដងទៀតនៅទីក្រុងហាណូយ គឺចំពេលដែលអ្នកស្រីត្រូវលែងលះស្វាមី ឯព្រះអង្គក៏នៅលីវដែរ។

ព្រះអង្គស្ទើរតែទប់ព្រះទ័យមិនបាន ក្នុងការសុំអ្នកស្រីរៀបការជាមួយ តែដោយសារព្រះអង្គមានការអឹមអៀននៅនឹងមុខស្រីស្អាតៗនៅឡើយ ពិសេសស្ត្រីបរទេស ព្រះអង្គក៏បណ្ដោយឲ្យរឿងនោះកន្លងផុតទៅ ដោយព្រះអង្គមានបន្ទូលបង្វែរព្រះទ័យលួងលោមមនោសញ្ចេតនាអង្គឯងថាពួកប្រុសៗ បារាំងប្រហែលជាមិនចង់ឃើញព្រះអង្គរៀបការជាមួយនឹងជនជាតិគេទេមើលទៅ។ ឯជនជាតិខ្មែរយើងប្រហែលជានាំគ្នាអាក់អន់ចិត្តជាមិនខាន ពេលបានដឹងថា ព្រះមហាក្សត្រខ្លួនមានមហេសី ជាស្រីបារាំង ថែមទាំងមេម៉ាយលែងប្តីដូច្នះទៀតផង។

វិទ្យាល័យ សាស្សឺលូ ឡូបា នាទីក្រុងព្រៃនគរ

មួយឆ្នាំក្រោយមក ព្រះអង្គបានឡើងថ្នាក់ទី១ក លោកសាស្រ្តាចារ្យមុខវិជ្ជាភាសាបារាំង ឡាតាំង និងក្រិករបស់ព្រះអង្គ ឈ្មោះហ្វ្រង់ស័រ មានគរុកោសល្យខ្ពស់ចេះប្រើវិធីសាស្ត្រអោយសិស្សឆាប់ចេះឆាប់យល់។ សាស្ត្រាចារ្យរូបនេះបានសម្ដែងការកោតសរសើរចំពោះមុខវិជ្ជាភាសាបារាំងឡាតាំងនិងក្រិករបស់ព្រះអង្គយ៉ាងខ្លាំងហើយព្រះអង្គភ្នកស្រមៃព្រះទ័យថា ទៅថ្ងៃក្រោយ ព្រះអង្គនឹងចាប់យកអាជីពជាសាស្ត្រាចារ្យមុខវិជ្ជានេះនៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញមិនខាន។ តែទោះបីយ៉ាងណា ក៏ព្រះអង្គនៅតែដក់ព្រះទ័យលើវិស័យភាពយន្តនិងដូរ្យតន្ត្រី ដដែល។

សិស្ស និងសាស្ត្រាចារ្យ នៅវិទ្យាល័យ សាស្សឺលូ ឡូបា

នៅពេលនោះដែរ ព្រះអង្គក៍បានចាប់ផ្ដើមព្រះទ័យស្នេហាលើមិត្តរួមថ្នាក់ជាជនជាតិបារាំងដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ហេឡែន ហ្កាប៊ីយេ លួចស្រលាញ់នាងតែអង្គឯងស្ងាត់ៗ មិនអោយនាងដឹងខ្លួនឡើយ។ ដោយសារតុអង្គុយសសេររបស់ព្រះអង្គនៅជាប់ពីក្រោយខ្នងនាងដែរនោះ ព្រះអង្គតែងតែលួចស្រូបក្លិនកេសារដ៏ក្រអូបរបស់នាងជាញឹកញាប់ ។ឯនាងហេឡែនហ្កាប៊ីយេ ក៏ឧស្សាហ៍ងាកមករកព្រះអង្គជាញឹកញាប់ដែរ ដើម្បីសុំឲ្យព្រះអង្គជួយបកប្រែភាសា ឡាតាំង និងក្រិក ប្រាប់នាង។ បុណ្ណឹងក៏ព្រះអង្គចាត់ទុកថាជាសុភមង្គលគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ស្នេហាគ្រាដំបូងនោះ។

វិទ្យាល័យ សាស្សឺលូ ឡូបា នាទីក្រុងព្រៃនគរ

នៅក្នុងវិទ្យាល័យសាស្សឺលូ ឡូបា គ្មានការប្រកាន់ពូជន៍សាសន៍បារាំង ខ្មែរ វៀតណាម ឡាវ នោះទេ។ សិស្សទាំងអស់ស្នាក់នៅជាមួយគ្នាក្នុងភាតរភាព និងយោគយល់គ្នាទៅវិញទៅមក។ ចំណែករឿងនយោបាយរបស់ប្រទេសជាតិនីមួយៗគឺស្ថិតនៅក្រៅរបងវិទ្យាល័យ គ្មានពាក់ព័ន្ធដល់សិស្សទាំងអស់ដែលនៅទីនោះទេ។ ប៉ុន្តែក្រោយមកមានជនជាតិវៀតណាមមួយចំនួនដែលជាអតីតសិស្សនៃវិទ្យាល័យបារាំងមួយនេះ បានក្លាយជាមេដឹកនាំចលនាតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំងផងដែរ។

(នៅមាន.ត ទៅភាគទី៣)

សិស្ស និងសាស្ត្រាចារ្យ នៅវិទ្យាល័យ សាស្សឺលូ ឡូបា
សិស្សនៅវិទ្យាល័យ សាស្សឺលូ ឡូបា
សម្ដេចព្រះនរោត្ដម សីហនុ កាលនៅជាយុវវ័យ