ខេត្តពោធិ៍សាត់៖ បុរសជាកសិករម្នាក់កំពុងបើកគោយន្តកន្ត្រៃភ្ជួរដីសុខៗ ស្រាប់តែប៉ះចំគ្រាប់កប់ក្នុងដី ផ្ទុះឡើងកក្រើកតែម្ដង បណ្ដាលឲ្យបុរសនោះរបួសសុះសាច់យ៉ាងធ្ងន់ធ្ងរ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចអូរតាទិន ស្ថិតក្នុងភូមិសំឡាញក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ។

ប្រភពពីកន្លងកើតហេតុ បានឲ្យដឹងថា ជនរងរបួស ឈ្មោះ ប៉ិច ហឹម ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំកើតហេតុ ។
មុនពេលកើតហេតុ ជនរងគ្រោះកំពុងភ្ជួរដីចំការដោយគោយន្តកន្ត្រៃមួយគ្រឿង ប៉ុន្តែជាអកុសលភ្ជួរប៉ះចំគ្រាប់មីននៅក្នុងដីដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម បណ្ដាលឲ្យផ្ទុះឡើងយ៉ាងកក្រើកដី និងរងរបួសបែបនេះតែម្ដង ។ តែគេមិនទាន់ដឹងថា គ្រាប់មីននៅក្នុងដីដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមនោះ ជាប្រភេទគ្រាប់អ្វីនៅឡើយនោះទេ ។

ក្រោយពេលកកើតហេតុ ក្រុមគ្រួសារសាច់ញាតិបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ខណៈអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនបានមកជួយធ្វើអន្តរាគមន៍ភ្លាមៗទេ កន្លែងកើតហេតុនោះនៅឆ្ងាយដាច់ស្រយាល ៕