ប្រទេសថៃ៖ កាលពីថ្ងៃទី១៦ ខែមិនា ថ្មីៗនេះ ស្ថិតនៅក្នុងវត្តបាងប្រះ ស្រុកនគរស៊ីឆៃ អ្នកកាសែតជាច្រើនបានចុះផ្សាយថា មានប្រជាជនជាច្រើន បានផ្អើលនាំគ្នាចូលរួមពិធីបុណ្យថ្វាយគ្រូ ឈ្មោះ គ្រូប៊ើន ដែលពីធីនេះគេធ្វើឡើងជារៀងរាល់ឆ្នាំ។

ពិធីនេះ បានរៀបចំឡើងក្នុងបរិវេណវត្តខាងលើ ក្នុងបរិវេណវត្តនោះមានចំនួនសិស្សរបស់គ្រូប៊ើនយ៉ាងច្រើនកុះករ បានធ្វើដំណើរពីជិតឆ្ងាយទូទាំងប្រទេសមកចូលរួម ដោយអ្នកខ្លះបានធ្វើដំណើរមកចាប់យកកន្លែងអង្គុយតាំងពីយប់ ចំណែកចរាចរវិញមានការកកស្ទះជាច្រើនគីឡូមែត្រ ។

បរិយ៉ាកាសក្នុងពិធីបុណ្យថ្វាយគ្រូប្រព្រិត្តទៅក្រោមដំណក់ភ្លៀងស្រិចៗ ខណៈពេលដែលព្រះសង្ឃជាច្រើនកំពុងសូត្រមន្ត ដើម្បីផ្តល់នូវសិរីសួស្តី ដើម្បីឲ្យសិស្សៗទាំងឡាយបានទទួលនូវសេចក្តីសុខ រួចផុតពីគ្រោះថ្នាក់ផ្សេងៗ។

ខណៈពេលនោះ មានសិស្សចូលរួមជាច្រើននាក់ត្រូវបានគ្រូប៊ើនចូលក្នុងខ្លួន ព្រមទាំងបានឡើងរាំសម្តែងឬទ្ធិ និងឡើងច្រៀងផងដែរ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកចូលរួមក្នុងពិធីនោះយ៉ាងខ្លាំង ។

តាមការរៀបរាប់របស់លោកចៅអធិការវត្តខាងលើ បានប្រាប់ឲ្យដឹងថា ពិធីបុណ្យថ្វាយគ្រូប៊ើននេះ ត្រូវបានធ្វើឡើងជាយូរយារណាស់មកហើយ តាំងពីលោកគ្រូមិនទាន់ស្លាប់បាត់បង់ជីវិតមកម្ល៉េះ ហើយទោះជាលោក បានស្លាប់ជាង១៦ឆ្នាំមកហើយក្តី តែកូនសិស្សទាំងអស់របស់លោក នៅតែនាំគ្នាប្រារព្វពិធីនេះដូចមុនៗដដែល ហើយថែមទាំងមានកូនសិស្សគ្រប់ទិសទី បានធ្វើដំណើរមកចូលរួមពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្តីសុខសិរីសួរស្តី វត្ថុសក្តិសិទ្ធិជួយការពារ ។

លោកគ្រូចៅអធិការវត្ត បានបន្តរៀបរាប់ទៀតថា តាមការជឿជាក់លើបរមីរបស់លោកគ្រូប៊ើននោះ បានធ្វើឲ្យសិស្សរបស់លោកគ្រូ គោរពនិងស្រលាញ់លោកគ្រូយ៉ាងខ្លាំង ព្រោះលោកគ្រូតែងតែបង្រៀនឲ្យសិស្សៗគ្រប់គ្នា មានចិត្តមេត្តាធម៌ សាមគ្គីគ្នាទៅវិញទៅមក ៕

ទស្សនាវីដេអូទាំងអស់គ្នា ៖