ភ្នំពេញ៖ ក្រោយពីសារព័ត៌មានយើងខ្ញុំបានចុះផ្សាយអំពីសកម្មភាពចុះរុះរើរោងបុណ្យសង់ស្ទើរជិទផ្លូវ និងគ្មានសុំការអនុញ្ញាតមួយកន្លែងស្ថិតតាមបណ្តោយផ្លូវ៦២អា ក្រុម៤​ភូមិទួលគោក​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ ដែលគេស្គាល់ថាផ្ទះបុណ្យនោះជារបស់នគរបាលម្នាក់និងជាកូនចៅសង្កាត់ទួលសង្កែ២ បានធ្វើឲ្យមានការចាប់អារម្មណ៍ និងមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហើយក្នុងនោះស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Sovanny Khema ដែលសង្ស័យថាជាសាច់ញាតិរបស់ម្ចាស់កម្មពិធីបុណ្យខាងលើ បានសរសេរបកស្រាយថា ជារឿងបំផ្លើស ។

ក្រុមការងារយើងខ្ញុំសុំមិនសរសេរវែងឆ្ងាយ មានតែស្រង់សំណេររបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើមកបង្ហាញជូនទាំងស្រុង និងសូមត្រិះរិះទាំងអស់គ្នា ៖

«ថ្ងៃនេះថ្ងៃបុណ្យ អត់ចង់ក្តៅក្រហាយអីច្រើន ចប់បុណ្យសារើជាមួយអស់លោកមួយ!
ភាពអត់ធ្មត់វាមានដែនកំណត់ អស់លោកមករករឿងខ្ញុំ ខ្ញុំខុស ខ្ញុំដឹង ខ្ញុំសូមរើទៅក្នុងអោយតូចតាមច្បាប់ 30%នៃថ្នល់ តែពួកលោកឯង មានបានប្រាប់ស្រួលចឹងអត់? ដាច់ខាតត្រួវតែរើ អោយគ្នារុះរោងចោល ម៉ោង9 ហើយម៉ោង2លោកចាប់ផ្តើមសូត្រមន្ត ញុំអង្វរសុំលើកលែង ហើយអោយប្រជាការពារសម្រួលចរាចរណ៍ សន្យាមិនអោយស្ទះទេ ធ្វើម៉េចបើជ្រុលហើយ! តែពួកលោកឯងទេ ដែលមិនយល់យោគ ទាល់តែជជែកវែកញែកអង្វរ ដល់ម៉ោង12 អោយបានព្រមអោយខ្ញុំរើរោង ខិតទៅក្នុង ខិតម៉ាភ្លែត3ដង ! ហើយអាឡូវម៉េចក៏មកបំផ្លើស?? អញផ្តាំណា អាណាបកស្រាយប្រាប់ព័ត៌មានខុសការពិត ប្រយ័ត្នក្រឡាប់ឡាន ងាប់ទាំងពូជ… ហើយផ្តាំមួយទៀត ក្នុងផ្ទះមានតែឪអញទេប៉ូលិស តែឪអញមិនបាននៅផ្ទះទេ ហើយតាអញក៏មិនបានកាងអន្តរាគមន៍ដែរ ចឹងម៉េចមិនថតអោយបានទៅ ដែលថាគាត់កាងហ្នឹង ?»

សូមបញ្ជាក់៖ តាមប្រភពព័ត៌មានឲ្យដឹងថា ភាគីម្ចាស់កម្មវិធីបុណ្យខណៈកំពុងសង់រោងបុណ្យនៅល្ងាចថ្ងៃទី១៩ ខែមីនា បានខលទូរស័ព្ទទៅមេភូមិទួលគោកថា សុំសង់រោងធ្វេីបុណ្យ ហើយត្រូវមេភូមិប្រាប់ថា ធ្វើរោងរួចហេីយបានប្រាប់ខ្ញុំ រួចភាគីម្ចាស់កម្មវិធីបុណ្យក៏បិទទូរស័ព្ទមិននិយាយអ្វីទៀតទេ​ ។ តាមការឲ្យពីអជ្ញាធរ ការសុំច្បាប់អនុញ្ញាតសុំសង់រោងបុណ្យ ឬការយ៉ាងហោចណាស់ម្ចាស់កម្មវិធីត្រូវសុំឲ្យបានមុន៣ថ្ងៃ នៃថ្ងៃប្រារព្ធកម្មវិធីលើកលែងតែបុណ្យសពដែលមិនបានព្រៀងទុកមុន ។

អាជ្ញាធរសង្កាត់ទួលសង្កែ១និយាយថា រោងបុណ្យនេះសង់ធំស្ទើរពេញផ្លូវហើយមិនបានសុំច្បាប់ទេ ដោយអាងខ្លួនជាប៉ូលិស និងត្រូវជាកូនចៅសង្កាត់ទួលសង្កែទី២ ដ៏មានអំណាច ។ អាជ្ញាធរបន្តថាការសង់រោងការ ឬរោងបុណ្យលេីផ្លូវសាធារណៈ ត្រូវសង់លេីផ្លូវ១ភាគ៣ ពោលគឺប្រសិនបើផ្លូវមានទទឹង១២ម៉ែត្ររោងបុណ្យឬរោងការត្រូវសាងសង់តែ៤ម៉ែត្រប៉ុណ្ណោះ ដោយទុក៨ម៉ែត្រឲ្យប្រជាពលរដ្ឋចរាចរណ៍ឆ្លងកាត់​ ។

ប្រភពបន្តថា លុះរហូតដល់ព្រឹកថ្ងៃទី២០​ ខែមីនា ស្រាប់តែលោក​ ឃួន ស្រេង​ អភិបាលរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវខាងលើ ដោយឃើញសភាពស្ទះផ្លូវពិបាកធ្វេីដំណើ ហើយសង់គ្មានច្បាប់ទម្លាប់ផងនោះ ក៏បញ្ជាឲ្យរុះរោងបុណ្យនេះតែម្តង ឬសង់ឲ្យតូចជាងមុនតាមការណែនាំ តែម្ចាស់ដើមបុណ្យអាងអំណាចថា ខ្លួនជាអ្នកធ្វើការដែរ មិនស្តាប់អាជ្ញាធរឡើយ ។

លោកជាពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យអ្នកយកព័ត៌មានដឹងថា ពាក់ព័ន្ធរឿងនេះលោកបានឲ្យកម្លាំងចុះពិនិត្យ ហើយណែនាំឲ្យខិតរោងបុណ្យចូលឲ្យតូចត្រឹម១ភាគ៣ តែបើមិនស្តាប់យើង នឹងមានវិធានការរុះរើចេញតាមច្បាប់តែម្តង ។

គួររំឮកផងដែរថា កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ស្តីពីបញ្ហាមួយចំនួន និងបានជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រួតពិនិត្យជាប្រចាំរាល់សំណង់ផ្សេងៗ ដែលសាងសង់ ពិសេសសំណង់ខុសច្បាប់ ឬសំណង់សង់ខុសកិច្ចសន្យា គ្មានគុណភាព ការសង់រោងបុណ្យ រោងការបិទផ្លូវ ដើម្បីជម្រុញប្រជាពលរដ្ឋ ក្នុងមូលដ្ឋានគោរពច្បាប់ និងការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ ជៀសវាងការថ្នាំងថ្នាក់ ពីអ្នករងផលប៉ះពាល់ ។

លោក ឃួង ស្រេង បានរំឮកទៅលើការណែនាំ ទៅដល់ការចតរថយន្តបាញ់បេតុង ធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍តាមដងផ្លូវ ដូចដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹង រួចមកហើយ។ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យផងដែរ ចំពោះការសង់រោងបុណ្យ រោងការ ដោយមិនត្រូវឲ្យបិទផ្លូវទាំងស្រុង ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងស្ទះចរាចរ ដែលប្រជាពលរដ្ឋ តែងតែបង្ហាញការថ្នាំងថ្នាក់ នាពេលកន្លងមក។

ម្ចាស់រោងបុណ្យ ឬរោងការ គួរកទីតាំងសមស្រប ដែលមិនប៉ះពាល់ ផ្លូវសាធារណៈ ដូចជា ទីអារាម ឬតាមភោជនីដ្ឋាន ឬទីតាំងណាដែលសមរម្យ ។
លោកអភិបាលរាជធានី បានបន្តក្រើនរំឮក ដល់អាជ្ញាធរ និងស្ថាបន័ពាក់ព័ន្ធ ត្រូវបង្កើនប្រសិទ្ធភាពការងារ ទ្វេដងថែមទៀត លើការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យសក្ត័សមទៅនឹងទំនុកចិត្ត របស់ប្រជាពលរដ្ឋ ៕