ភ្នំពេញ៖ រោងបុណ្យគំរប់ខួប៣ឆ្នាំមួយកន្លែងតាមបណ្តោយផ្លូវ៦២អា ក្រុម៤​ភូមិទួលគោក​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ ដែលគេស្គាល់ថាផ្ទះបុណ្យនោះជារបស់នគរបាលម្នាក់និងជាកូនចៅសង្កាត់ទួលសង្កែ២ ត្រូវបានអជ្ញាធរបង្គាប់ឲ្យរុះរើជាបន្ទាន់បន្ទាប់ពីម្ចាស់ដេីមបុណ្យជួលរោងឲ្យសង់លេីផ្លូវបង្កការកកស្ទះចរាចរណ៍និងមិនបានស្នើ សុំច្បាប់អនុញា្ញត ពីអជ្ញាធរ​នៅព្រឹក​ថ្ងៃទី២០​ ខែមីនា​ ឆ្នាំ​២០១៩នេះ ។

តាមប្រភពព័ត៌មានឲ្យដឹងថា ភាគីម្ចាស់កម្មវិធីបុណ្យខណៈកំពុងសង់រោងបុណ្យនៅល្ងាចថ្ងៃទី១៩ ខែមីនា បានខលទូរស័ព្ទទៅមេភូមិទួលគោកថា សុំសង់រោងធ្វេីបុណ្យ ហើយត្រូវមេភូមិប្រាប់ថា ធ្វើរោងរួចហេីយបានប្រាប់ខ្ញុំ រួចភាគីម្ចាស់កម្មវិធីបុណ្យក៏បិទទូរស័ព្ទមិននិយាយអ្វីទៀតទេ​ ។ តាមការឲ្យពីអជ្ញាធរ ការសុំច្បាប់អនុញ្ញាតសុំសង់រោងបុណ្យ ឬការយ៉ាងហោចណាស់ម្ចាស់កម្មវិធីត្រូវសុំឲ្យបានមុន៣ថ្ងៃ នៃថ្ងៃប្រារព្ធកម្មវិធីលើកលែងតែបុណ្យសពដែលមិនបានព្រៀងទុកមុន ។

អាជ្ញាធរសង្កាត់ទួលសង្កែ១និយាយថា រោងបុណ្យនេះសង់ធំស្ទើរពេញផ្លូវហើយមិនបានសុំច្បាប់ទេ ដោយអាងខ្លួនជាប៉ូលិស និងត្រូវជាកូនចៅសង្កាត់ទួលសង្កែទី២ ដ៏មានអំណាច ។ អាជ្ញាធរបន្តថាការសង់រោងការ ឬរោងបុណ្យលេីផ្លូវសាធារណៈ ត្រូវសង់លេីផ្លូវ១ភាគ៣ ពោលគឺប្រសិនបើផ្លូវមានទទឹង១២ម៉ែត្ររោងបុណ្យឬរោងការត្រូវសាងសង់តែ៤ម៉ែត្រប៉ុណ្ណោះ ដោយទុក៨ម៉ែត្រឲ្យប្រជាពលរដ្ឋចរាចរណ៍ឆ្លងកាត់​ ។

ប្រភពបន្តថា លុះរហូតដល់ព្រឹកថ្ងៃទី២០​ ខែមីនា ស្រាប់តែលោក​ ឃួន ស្រេង​ អភិបាលរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវខាងលើ ដោយឃើញសភាពស្ទះផ្លូវពិបាកធ្វេីដំណើ ហើយសង់គ្មានច្បាប់ទម្លាប់ផងនោះ ក៏បញ្ជាឲ្យរុះរោងបុណ្យនេះតែម្តង ឬសង់ឲ្យតូចជាងមុនតាមការណែនាំ តែម្ចាស់ដើមបុណ្យអាងអំណាចថា ខ្លួនជាអ្នកធ្វើការដែរ មិនស្តាប់អាជ្ញាធរឡើយ ។

លោកជាពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យអ្នកយកព័ត៌មានដឹងថា ពាក់ព័ន្ធរឿងនេះលោកបានឲ្យកម្លាំងចុះពិនិត្យ ហើយណែនាំឲ្យខិតរោងបុណ្យចូលឲ្យតូចត្រឹម១ភាគ៣ តែបើមិនស្តាប់យើង នឹងមានវិធានការរុះរើចេញតាមច្បាប់តែម្តង ។

គួររំឮកផងដែរថា កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ស្តីពីបញ្ហាមួយចំនួន និងបានជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រួតពិនិត្យជាប្រចាំរាល់សំណង់ផ្សេងៗ ដែលសាងសង់ ពិសេសសំណង់ខុសច្បាប់ ឬសំណង់សង់ខុសកិច្ចសន្យា គ្មានគុណភាព ការសង់រោងបុណ្យ រោងការបិទផ្លូវ ដើម្បីជម្រុញប្រជាពលរដ្ឋ ក្នុងមូលដ្ឋានគោរពច្បាប់ និងការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ ជៀសវាងការថ្នាំងថ្នាក់ ពីអ្នករងផលប៉ះពាល់ ។

លោក ឃួង ស្រេង បានរំឮកទៅលើការណែនាំ ទៅដល់ការចតរថយន្តបាញ់បេតុង ធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍តាមដងផ្លូវ ដូចដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹង រួចមកហើយ។ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យផងដែរ ចំពោះការសង់រោងបុណ្យ រោងការ ដោយមិនត្រូវឲ្យបិទផ្លូវទាំងស្រុង ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងស្ទះចរាចរ ដែលប្រជាពលរដ្ឋ តែងតែបង្ហាញការថ្នាំងថ្នាក់ នាពេលកន្លងមក។

ម្ចាស់រោងបុណ្យ ឬរោងការ គួរកទីតាំងសមស្រប ដែលមិនប៉ះពាល់ ផ្លូវសាធារណៈ ដូចជា ទីអារាម ឬតាមភោជនីដ្ឋាន ឬទីតាំងណាដែលសមរម្យ ។
លោកអភិបាលរាជធានី បានបន្តក្រើនរំឮក ដល់អាជ្ញាធរ និងស្ថាបន័ពាក់ព័ន្ធ ត្រូវបង្កើនប្រសិទ្ធភាពការងារ ទ្វេដងថែមទៀត លើការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យសក្ត័សមទៅនឹងទំនុកចិត្ត របស់ប្រជាពលរដ្ឋ ៕