ខេត្តពោធិ៍សាត់៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់តាមចាប់ខ្លួនក្រុមប្រឆាំងមួយចំនួន ដែលព្យាយាមប្រមូលកម្លាំងតាមអំពាវនាវរបស់លោកសម រង្ស៉ី មេចលនាសង្រ្គោះជាតិ ដើម្បីដណ្តើមអំណាច បង្កភាពវឹកវរដល់សង្គមកម្ពុជា។
ការចេញបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ បានធ្វើឡើងក្រោយលោក សម រង្ស៉ី បានរៀបចំផែនការឱ្យពួកប្រឆាំងនៅក្នុងប្រទេសបង្កើតគណៈកម្មការចំពោះកិច្ច ហើយអំពាវនាវឱ្យសកម្មជន ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ ចូលរួមជាមួយខ្លួន ដើម្បីដណ្តើមអំណាចរបស់ខ្លួនពីសម្តេច ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោត។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «នៅពោធិ៍សាត់ វាលវែង អាហ្នឹងជើងខ្លាំង ចាំអញរុញព័ត៌មានមួយចំនួនទៅឱ្យ គួបផ្សំអាមួយអ្នកភ្នំពេញ កំពង់ចាម តែអ្នកភ្នំពេញ គឺប្រុងរត់ធ្លាក់អន្លង់វែង ប៉ុន្តែ២ថ្ងៃនេះ មកនៅកៀនស្វាយ មកវិញហើយ លឺប៉ុណ្ណឹងរត់ទៀត បើមិនស្រួល នេះគឺកម្លាំងស្រួច»។

សម្តេចបានបន្តថា «កុំណា ! កុំឱ្យសោះអារឿងគណៈកម្មការចំពោះកិច្ច១ឃុំ ប៉ុន្មាននាក់ៗវ៉ៃខ្នោះជាប់រហូត ហើយតិចថាខ្ញុំខ្លាច គេមកពិនិត្យ EBA ម៉េចលោក ហ៊ុន សែន និយាយអញ្ចឹង ទេ ! អារឿងខុសច្បាប់ អត់មាន EBA ឬមិន EBA នោះទេ តែខុសច្បាប់ហើយ គឺដាក់ហើយ កុំខ្វល់ពេក»។
សម្តេចហ៊ុន សែន បានលើកឡើងទៀតថា៖ «រៀបចំកម្លាំងស្អី អ្នកឯងរៀបចំកម្លាំងធ្វើភេរវកម្មឬ? ត្រៀមប្រយុទ្ធឬ? ប្រាប់ឱ្យហើយ ផ្ញើសារឱ្យទូរទាំងប្រទេស បញ្ឈប់ទៅសកម្មភាព គណៈកម្មការចំពោះកិច្ច ទាំងនៅភ្នំពេញ នៅវាលវែង ខេត្តណាៗ និយាយឱ្យត្រង់ថា ឃើញ១វ៉ៃ១ទៅ ចេញបញ្ជាអញ្ចឹង បើអ្នកឯងគ្មានសិទ្ធិធ្វើនយោបាយ អ្នកឯងគ្មានសិទ្ធិទៅប្រជុំជាមួយប្រជាពលរដ្ឋ»។

ជាមួយគ្នានោះ សម្តេច ហ៊ុន សែន បានផ្តាំទៅមេដឹកនាំក្រុមប្រឆាំងថា កុំឱ្យប្រមាថមើលងាយចំពោះអតីតសហការីរបស់ខ្លួន ដែលមកសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដូចទំនិញទិញដូរឱ្យសោះ។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ លោក សម រង្ស៉ី បានបង្ហោះសារតាមបណ្តាញសង្គម Facebook ថា៖ «ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមសម្ពាធអន្តរជាតិ ហ៊ុន សែន ត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា និងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ ដូច្នេះកុំប្រញ៉ាប់ទៅលក់ឧត្តមគតិរបស់ខ្លួន ឲ្យទៅ ហ៊ុន សែន ឆាប់ពេក»។

សម្តេចបានបញ្ជាក់តបវិញថា៖ «សុំផ្តាំទៅ អ្នកកុំចាត់ទុកអតីតសហការីរបស់អ្នក ជាទំនិញលក់ដូរឱ្យសោះ កុំមើលស្រាល អ្នកដែលគេមិននៅជាមួយអ្នកឯង ហើយគេសុំសិទ្ធិធ្វើនយោបាយ ដើម្បីសេរីភាពរបស់គេ បែរជាក្លាយទៅជាទំនិញដែល ហ៊ុន សែន ត្រូវទិញ។ ហ៊ុន សែន គ្មានការចាំបាច់ ដើម្បីទៅទិញនរណាទេ ព្រោះមនុស្សទាំងអស់នោះ មិនមែនជាសត្វធាតុ ឬជាវត្ថុសម្រាប់លក់ទេ»។

សម្តេចបានបន្ថែមថា៖ «អ្នកដែលចេញមកសុំសិទ្ធិធ្វើនយោបាយ យើងខ្ញុំក៏គោរព អ្នកដែលមិនសុំសិទ្ធិ ក៏យើងខ្ញុំគោរពចំពោះសេចក្តីសម្រេចរបស់អ្នក ហេតុអ្វីក៏អ្នកមើលងាយដល់អ្នកដែលធ្លាប់ធ្វើការជាមួយអ្នក ទៅជាទំនិញលក់ដូរទៅវិញ»។
គិតរហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៩រូបហើយ ក្នុងចំណោមមនុស្ស១១៨នាក់ ដែលជាប់បម្រាមនយោបាយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បានយោបាយឡើងវិញជាបន្តបន្ទាប់ គឺទី១៖ លោក គង់ គាំ ទី២៖លោក គង់ បូរ៉ា ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និងទី៩៖ លោក ច័ន្ទ សិលា ៕