រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ម្នាក់​ចេះ​តែ​សំងំ​ក្នុង​បន្ទប់​ហើយ​ថា «​នាង​ពិបាកចិត្ត​ខ្លាំង​ណាស់ ចង់​តែ​ស្លាប់ មិន​ចង់​រស់នៅ​លើ​លោក​នេះ​តទៅ​ទៀត​ឡើយ​» ដោយ​អាកា​រៈ​ប្លែក​បែប​នេះ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​នាង​ងឿងឆ្ងល់​ក៏​លួងលោម​សួរនាំ ទើប​ដឹង​ថា នាង​ត្រូវ​បុរស​ជា​នាយករង​សាលា​ភាសា​អង់គ្លេស​ចាប់រំលោភ​នាង​រហូត​សម្រេច​បន្តបន្ទាប់​២​ដង​រួច​មក​ហើយ ។ ទើប​ឪពុក​ម្ដាយ បាន​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​មក​ចាត់ការ​តាម​ច្បាប់ ។

ហេតុ​ការ​ណ៏​ក្មេង​ស្រី​ម្នាក់ ត្រូវ​ជនសង្ស័យ​ល្បួង យក​ទៅ​រំលោភ​ខាងលើ​នេះ កើតឡើង​តាំងពី​ខែធ្នូ ឆ្នាំ​២០១៨ មក​ម្ល៉េះ នៅផ្ទះ​សំណាក់​ភ្នំ​មាស តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ញ​សណ ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ចំណែក​ជនសង្ស័យ​មានឈ្មោះ ចិន មក​រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្រូបង្រៀន ជា​នាយករង​សាលា​ភាសា​អង់គ្លេស​ភាសា​សាស្ត្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​ឃាត់ខ្លួន​វេលា​ម៉ោង​០៩​ព្រឹក​នៅ​ថ្ងៃ​ទី​១៨ ខែ​មិ​នា ឆ្នាំ​២០១៩ ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ បាន​ជិះ​ម៉ូតូឌុប​ក្មេង​ស្រី​រង​គ្រោះ ចូល​ទៅ​ជួល​បន្ទប់ រួច​និយាយ​លួងលោម​ក្មេង​ស្រី​រង​គ្រោះ ហើយ​បាន​ធ្វើ​សកម្មភាព រំលោភ​សេពសន្ថវ​: បាន​សម្រេច​មួយ​លើក ហើយ​និយាយ​គំរាម​ក្មេង​ស្រី​រង​គ្រោះ​ថា ទៅ​វិញ​កុំ​និយាយ​ប្រាប់​ក្រុម​គ្រួសារ និង​អ្នក​ដទៃ​ឡើយ​។

រហូត​មក​ដល់​ថ្ងៃ​ទី ២៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១២ និង ១៥​នាទី ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ក្មេង​ស្រី​រង​គ្រោះ ឲ្យ ទៅ​ជួយ​រៀបចំ​ឥ​វ៉ា់​ន់​នៅ​ក្នុង​សាលា ពេល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ដល់ ជនសង្ស័យ​បាន​នាំ​ចូល​ក្នុង​បន្ទប់​ការិយាល័យ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវ​: លើ​ក្មេង​ស្រី​រង​គ្រោះ បាន​សម្រេច​មួយ​លើក​ទៀត ហើយ​និយាយ​គំរាម​ក្មេង​ស្រី​រង​គ្រោះ​ដូច​លើក​មុន​ ។

លុះដល់​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៦ និង ៣០​នាទី ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​រង​គ្រោះ មានការ​សង្ស័យ​ឃើញ ក្មេង​ស្រី​រង​គ្រោះ មាន​សភាព​ស្ងៀមស្ងាត់ សំងំ​តែ​ក្នុង​បន្ទប់ ហើយ​និយាយ​ថា ចង់​តែ​ស្លាប់ ទើប​ក្រុម​គ្រួសារ បាន​នាំ​គ្នា​សួរនាំ ទើប​ក្មេង​រង​គ្រោះ​ប្រាប់​រឿងរ៉ាវ​ដល់​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​បានដឹង​។

ក្រោយមក​នៅ​ថ្ងៃ​ទី​១៨ ខែ​មិ​នា ឆ្នាំ​២០១៩ ឈ្មោះ ស៊ុន ចិន្តា ភេទ​ស្រី អាយុ ៤០​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​របស់​ក្មេង​ស្រី​រង​គ្រោះ បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ មក​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។

រហូត​ដល់​ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ បាន​ត្រង់​ចំណុច​សាលា​ភាសា​សាស្ត្រ ស្ថិត​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួម​នឹង​វត្ថុ​តាង ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ និង​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា ចុច​ពិល ពណ៌​ក្រហម​លាយ​ខ្មៅ យក​មក​ធ្វើការ​សាកសួរ​នៅ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ដើម្បី​កសាង​សំណុំរឿង ប​ញ្ចូ​ន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ៕