វៀតណាម៖ តុលាការនៅប្រទេសវៀតណាម បានសម្រេចផ្ដន្ទាទោសប្រហារជីវិតអ្នកទោសពាក់ព័ន្ធគ្រឿងញៀន៣នាក់ ខណៈស្រ្តីជាមេខ្លោងត្រូវតុលាការសម្រាលទោស មកត្រឹមដាក់ពន្ធនាគារអស់មួយជីវិត ដោយសារមានកូនម្នាក់អាយុក្រោម៣៦ខែ ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។

កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ តុលាការទីក្រុងហាណូយ បានសម្រេចផ្ដន្ទាទោសប្រហារជីវិតស្ត្រី០២នាក់មានឈ្មោះ វូ ធីធូហៃ និង វូ ធីហៃយ៉េន ព្រមទាំងបុរសម្នាក់ទៀតឈ្មោះ ឡេ ទ្រុងថាញ់ ខណៈស្ត្រីម្នាក់ទៀតឈ្មោះ ផាម ធីហុប ត្រូវបានផ្ដន្ទាទោសប្រហារជីវិតជីវិតដែរ ប៉ុន្តែដោយស្ត្រីឈ្មោះ ផាម ធីហុប នេះ មានកូនម្នាក់អាយុក្រោម ៣៦ខែ បើទោះបីជានាងជាមេគំនិតក៏ដោយ តុលាការបានបន្ធូរបន្ថយទោស ត្រឹមដាក់ពន្ធនាគារអស់មួយជីវិតប៉ុណ្ណោះ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ស្រ្តីឈ្មោះ ផាម ធីហុប បានប្រើឱ្យនាង វូ ធីធូហៃ និង វូ ធីហៃយ៉េន ឲ្យដឹកគ្រឿងញៀនសំយោគមានទម្ងន់ ២.៦គីឡូក្រាមពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុងហាយហ្វុង ត្រូវបានប៉ូលិសចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ ណយបៃ ក្នុងទីក្រុងហាណូយ។ ចំណែកឯ បុរសឈ្មោះ ឡេ ទ្រុងថាញ់ បានជួញដូរគ្រឿងញៀន មេតំហ្វេតាមី ក្រោមការរៀបចំរបស់ស្ត្រីឈ្មោះ ផាម ធីហុប នេះដែរ ពីកម្ពុជា ចូលទឹកដីវៀតណាមកាលពីខែវិចិ្ឆកា ឆ្នាំ២០១៧នោះដែរ។

យោងតាមច្បាប់វៀតណាម អ្នកជួញដូរគ្រឿងញៀនហេរ៉ូអ៊ីនមានទម្ងន់ចាប់ពី ៦០០ក្រាម និង មេតំហ្វេតាមីន ចាប់ពីទម្ងន់២.៥គីឡូក្រាមឡើងទៅ នឹងត្រូវទទួលការផ្ដន្ទាទោសប្រហារជីវិត ហើយអ្នកផលិត ឬជួញដូរបន្តគ្រឿងញៀនហេរ៉ូអ៊ីន ឬគ្រឿងញៀនខុសច្បាប់ដទៃទៀត ក្នុងទម្ងន់ ៣០០ក្រាម ក៏ត្រូវប្រឈមមុខទោសប្រហារជីវិតដែរ ៕