ខេត្តកែប៖ ជនរងគ្រោះជាភ្ញៀវម្នាក់បានរងរបួសធ្ងន់ ត្រូវគ្រូពេទ្យដេរអស់ចំនួន១២ថ្នេរ ដោយសារភាគីបងប្អូនកូនកំលោះបង្កអំពើហិង្សានៅក្នុងពិធីមង្គលការមួយ កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិ ទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ។

ជនរងគ្រោះឈ្មោះ សុខ ភក្តី បានរងរបួសធ្ងន់ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប ដោយត្រូវគ្រូពេទ្យដេរអស់ចំនួន១២ថ្នេរ។
ស្រ្តីជាម្តាយជនរងគ្រោះ ឈ្មោះ សុខ ផាន អាយុ ៤៩ឆ្នាំ បានឲ្យដឹងថា នៅយប់កើតហេតុ រូបគាត់និងប្តី ព្រមទាំងកូន (ជនរងគ្រោះ) ដែលត្រូវជាសាច់ញាតិបងប្អូនខាងស្រីផងនោះ បានមកចូលរួមពិធីមង្គលការមួយដែលមានកូនកំលោះ ឈ្មោះ លី មួយ និងកូនក្រមុំឈ្មោះ យី ក្នុងនាមជាភ្ញៀវ និងបានហូបចុករាំរែក លេងសប្បាយរហូតដល់ម៉ោង៩ កូនប្រុសគាត់ឈ្មោះ សុខ ភក្តី កំពុងតែរាំសប្បាយក្នុងវង់ជាមួយភ្ញៀវដទៃទៀតដែរ គាត់បានឃើញកែវមួយ ត្រូវបានគេគប់ពីក្រៅមកក្នុងវង់រាំ ហើយកូនកំលោះ និងសាច់ញាតិគេ មានការយល់ច្រលំស្មានថា កែវនោះកូនគាត់ជាអ្នកគប់ ក៏បានព្រួតវាយ និងគប់កែវទៅលើកូនគាត់ បណ្ដាលឲ្យរងរបួសធ្ងន់ និងធ្វើឲ្យភ្ញៀវផ្សេងៗទៀតភ័យរត់ជាន់ជើងគ្នា ។

ស្រ្តីជាម្ដាយជនរងគ្រោះ បានបន្តថា ក្រោយពីវាយ និងគប់កែវទៅ លើកូនគាត់បណ្ដាលឲ្យរងរបួសធ្ងន់ហើយនោះ ជនសង្ស័យនិងបក្ខពួកបានដើរទៅរោងផ្កាស្លាខាងក្រោយ ហើយបានអួតប្រាប់គេឯងថាសប្បាយវាយណាស់ និងវាយទាល់តែ ឈឺដៃ ។ មិនតែប៉ុណ្ណោះ ឪពុកកូនកំលោះ បានគំរាមវាយខ្នោះកូនគាត់ ទាំងខ្លួនមិនមែនជាសមត្ថកិច្ចផង និងបានអួតក្តែងៗថា ក្នុងខេត្តកែប អ្នកធំណា ក៏ខ្លួនស្គាល់ដែរ។

ប្រភពឪពុកម្តាយជនរងគ្រោះ បន្តទៀតថា លុះដល់ព្រឹក ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែលោក លី មួយ ដែលជាកូនកំលោះ បានមកដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាលស្រុកដំណាកចង្អើរ ប្ដឹងកូនគាត់ថាជាអ្នកបង្ករឿងទៅវិញ ហើយភាគីម្តាយជនរងគ្រោះសំណូមពរទៅដល់សមត្ថកិច្ចស្រុកដំណាក់ចង្អើរ សូមឲ្យលោកចុះពិនិត្យរឿងនេះផ្ទាល់ ដើម្បីអោយមានភាពយុត្តិធម៌ដល់កូនគាត់ផង។

ទាក់ទងដល់ការបង្កហិង្សាក្នុងពិធីមង្គលការខាងលើនេះ kbn មិនអាចសុំការបំភ្លឺពីភាគីខាងកូនកំលោះបានទេ តែយ៉ាងណាយើងសង្ឃឹមថា សមត្ថកិច្ចនគរបាលស្រុកដំណាក់ចង្អើរ នឹងស្រាវជ្រាវរកឃើញថាតើភាគីខាងណា ជាអ្នកបង្ក និងភាគីខាងជាអ្នករងគ្រោះ ជាមិនខាន៕