ភ្នំពេញ ៖ បុរស​២​នាក់​ទើបនឹង​ចេញពី​ផឹកស៊ី​ដូច​គ្នា ស្ថិត​ក្នុង​សភាព​ស្រវឹង​ធ្លាក់​ភ្នែក​ដូច​គ្នា បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅ​ត្រង់​ចំណុច​ផ្លូវកែង បណ្តាល​ឱ្យ​រង​របួស​ដូច​គ្នា បន្ទាប់​មក​ក៏​កើត​មានការ​ជជែក​វែកញែក​យក​ត្រូវ​រៀងខ្លួន លុះ​ដោយសារ​តែ​ស្រវឹង​ជោកជាំ​ផង ទើប​និយាយ​គ្នា​មិន​ត្រូវ ធ្វើ​ឱ្យ​កើតជា​ជម្លោះ​ឈាន​ដល់​អំពើ​ហិង្សា​វាយ​គ្នា ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​បែកក្បាល​ដូច​គ្នា និង​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ នាំ​ភាគី​ទាំង​សងខាង​ទៅ​ដោះស្រាយ​នៅ​ប៉ុស្តិ៍​នគរបាល ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ មីនា នៅ​ត្រង់​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ លី​ម ឡុ​ង តាម​បណ្តោយ​ផ្លូវ​សម្តេច ជា ស៊ី​ម កែង​នឹង​ផ្លូវ​២០១១ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ុ​យ​ស៊ូ​គី​លែ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ព្រៃវែង 1M-9718 និង​មាន​បក្ខពួក​៣​នាក់​ទៀត ជិះ​ម៉ូតូ​២​គ្រឿង មិន​ចាំ​ម៉ាក ដោយ​ពួក​គេ​ទើបតែ​ចេញ​មក​ពី​កម្មវិធី​ខួបកំណើត​មិត្តភក្តិ នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត បំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ក្បែរ​កន្លែង​កើតហេតុ ដោយ​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ក្នុង​ស្ថានភាព​ស្រវឹង តាម​បណ្តោយ​ផ្លូវ​២០១១ លុះ​ម៉ូតូ​ខាងលើ ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​សម្តេច ជា ស៊ី​ម ខណៈនោះ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GH-8518 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ដូច​គ្នា ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សម្តេច​ជា ស៊ី​ម ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បត់​ឆ្វេង​បម្រុង​ឆ្ពោះទៅ​ផ្លូវ​២០១១ មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​លែ​ត ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​លែ​ត រង​ការ​ខូចខាត​បន្តិចបន្តួច រីឯ​អ្នកបើកបរ​រង​របួសស្រាល ចំណែកឯ​ម៉ូតូ​ឌ្រី​មរ​ង​ការ​ខូចខាត​បូម​ខាង​មុខ ។

ប្រភព​ដដែល​បន្ត​ថា ភាគី​ទាំង​២ បាន​ជជែក​វែកញែក​រកខុសរកត្រូវ​រៀង​ៗ​ខ្លួន យ៉ាង​តឹងសរសៃក​ដាក់​គ្នា ទៅ​វិញ​ទៅ​មក រហូត​កើត​មាន​ជម្លោះ​ឈាន​ដល់​ប្រើ​ហិង្សា​ដាក់​គ្នា បណ្តាល​ឱ្យ​បែកក្បាល​ដូច​គ្នា ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាង ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ នៅ​ឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​គ្នា​ទៅ​ផ្លូវច្បាប់​ពេល​ក្រោយ ៕