រាជធានីភ្នំពេញ៖ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក (Krirk University) ប្រទេសថៃ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ។

សាកលវិទ្យាល័យគ្រើក (Krirk University)គឺជាសាកលវិទ្យាល័យល្បីមួយ នៅក្នុងប្រទេសថៃដែលមានអាយុកាល៦៧ឆ្នាំមកហើយ។
លោកសាស្រ្ដាចារ្យ ក្រាស៊ែ ឆាណាវង្ស (Krasae Chanawongse) ប្រធានសាកលវិទ្យាល័យគ្រើក បានលើកឡើងអំពីលក្ខណៈសម្បត្តិពិសេសរបស់ សម្តេចហ៊ុន សែន ដែលជាមេដឹកបរទេសទី១ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពី សាកលវិទ្យាល័យគ្រើកនៅថ្ងៃនេះ។ លោកសាស្រ្ដាចារ្យ បានបញ្ជាក់ច្បាស់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាមេដឹកដែលពោរពេញទៅដោយចំនេះដឹង បទពិសោធន៍ និងសមត្ថភាព ដែលបានប្រើប្រាស់ជំនាញផ្នែកទំនាក់នយោបាយ ធ្វើអោយកម្ពុជាបានបង្រួបបង្រួម មានសុខសន្តិភាព និងរីកចម្រើនជាមួយកំណើនសេដ្ឋកិច្ចរឹងមាំមកទល់សព្វថ្ងៃ។

លោកសាស្រ្តាចារ្យ ក្រាស៊ែ ឆាណាវង្ស បានបញ្ជាក់ថា នៅឆ្នាំ១៩៧០ ដែលពេលនោះ សម្តេចហ៊ុន សែន មានអាយុទើបតែ១៨ឆ្នាំ ដែលបានស្ម័គ្រចិត្តចូលធ្វើទាហាន រំលត់សង្រ្គាម និងរំដោះប្រទេសពីរបបប៉ុលពតប្រល័យពូជសាសន៍ ហើយទទួលបាននូវការគាំទ្រយ៉ាងច្រើនពីពលទាហាន ក៏ដូចជាពលរដ្ឋទូទៅ រហូតដល់ប្រទេសកម្ពុជាត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៩។

ដោយសារភាពវៃឆ្លាតនៃការទំនាក់ទំនងទាំងក្នុងជួររដ្ឋាភិបាល និងក្នុងចំណោមសាធារណជន គឺ សម្តេចហ៊ុន សែន ដែលពេលនោះអាយុទើបតែ ៣២ ឆ្នាំ (១៩៨៥) បានក្លាយជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅលើពិភពលោក។ តាមរយៈការប្រើប្រាស់នូវទំនាក់ទំនងនយោបាយ គឺសម្តេចតេជោ បានកសាងនូវទំនុកចិត្តជាមួយ សមាជិកគណបក្ស សមាជិករដ្ឋាភិបាល និងជាមួយប្រជាពលរដ្ឋ ដែលបានធ្វើអោយ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ភ្លូកទឹកភ្លូកដីនៅក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ដែលបានធ្វើអោយ សម្តេចតេជោ ហ៊ុន សែន បន្តកាន់តំណែងនាយករដ្ឋមន្រ្តីមានរយៈពេល៣៤ឆ្នាំហើយ មកទល់ឆ្នាំ ២០១៩នេះ។

កន្លងមក សម្តេចហ៊ុន សែន ធ្លាប់បានទទួលមេដាយ និងសញ្ញាបត្របណ្ឌិតកិត្តិយជាច្រើនមកហើយ ពីបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសចិន, កូរ៉េ, វៀតណាម, រុស្សី, អ៊ឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សញ្ញាបត្របណ្ឌិតកិត្តិយសដែលសម្តេចទទួលបានថ្ងៃនេះ គឺជាមោទនភាពសំរាប់ប្រជាជនកម្ពុជាទាំងមូល ដែលបងប្អូនបានចូលរួមនៅក្នុងបុព្វហេតុជាតិមាតុភូមិ ហើយដែលតែងតែគំាំទ្រ និងជឿជាក់លើការដឹកនាំរបស់ សម្តេច និងគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនេះ កិត្តិយសដែលដែល សម្តេចតេជោ ទទួលបានថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពកាន់តែរឹងមាំរវាងប្រជាជន និងប្រទេសយើងទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលកំពុងរីកធំធាត់ទៅមុខជាលំដាប់ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអភិវឌ្ឍន៍នៃធនធានមនុស្ស។

សម្តេចនាយករដ្ឋមន្ត្រី សូមចែករំលែកនូវមោទនភាពទាំងអស់នេះដល់ក្រុមគ្រួសារ ឧត្តមភរិយា កូនៗ និងចៅៗ ជាទីស្រឡាញ់ដែលតែងតែផ្តល់ម្លាំងចិត្ត និងស្ថិតនៅជាប់ជានិច្ចជាមួយ សម្តេច ដើម្បីសម្តេចអាចមានឱកាសបម្រើជាតិមាតុភូមិ ថែរក្សាបាននូវសុខសន្តិភាពឲបានគង់វង្ស និងធ្វើការអភិវឌ្ឍឱ្យបានរីកចម្រើនលើគ្រប់រិស័យ ដើម្បីប្រជាជនកម្ពុជាទូទាំងប្រទេសមានជីវភាពសម្បូរសប្បាយរុងរឿង៕