រាជធានីភ្នំពេញ៖ ថ្មីៗនេះ លោក សម រង្ស៊ី បានបង្ហោះសារលើទំព័រហ្វេសប៊ុក របស់លោក ប្រាប់ទៅក្រុមអ្នកគាំទ្រលោកថា៖ ក្រោមសម្ពាធអន្តរជាតិ ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យអតីតគណបក្សប្រឆាំង ដំណើរការឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកថ្លែងយ៉ាងដូច្នេះថា៖«កុំប្រញាប់ទៅលក់ឧត្តមគតិរបស់ខ្លួន ឲ្យទៅ ហ៊ុន សែន ឆាប់ពេក»។
កន្លងមក លោក សម រង្ស៊ី ក៍បានផ្ញើសារអំពាវនាវបែបនេះម្តងជាពីរដងហើយថា កុំឲ្យមន្ត្រីរបស់លោក រត់ទៅសុំសិទ្ធិនយោបាយពីរដ្ឋាភិបាល តែត្រូវរួមគ្នាបន្តទាមទារឲ្យដោះលែងលោក កឹម សុខា ជាមុនសិន ហើយថា អ្នកដែលរត់ទៅសុំសិទ្ធិនយោបាយ គឺជាជនក្បត់បក្ស។ ទោះជាទទួលបានសិទ្ធិនយោបាយវិញ ក៏អត់ប្រយោជន៍ដែរ ខណៈលោក កឹម សុខា នៅតែជាប់ឃុំ ហើយអតីតគណបក្សប្រឆាំង មិនទាន់រស់ឡើងវិញ។

កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះថា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន០៥រូបទៀតហើយ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ រួមមាន៖ ទី១៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី២៖ លោកស្រី ទេព សុទ្ធី ទី៣៖ លោក កង គឹមហាក់, ទី៤៖ លោក ជីវ កត្តា និង ទី៥៖ លោក ច័ន្ទ សិលា។
សូមជំរាបថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នោះដែរ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានចេញព្រះរាជក្រឹត្យមួយ ផ្តល់នីតិសម្បទានយោបាយ ដល់លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានលិខិតទូលថ្វាយដោយ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ។

លោក រៀល ខេមរិន្ទ្រ គឺជាអ្នកទី៤ នៃអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលបានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយ បន្ទាប់ពីលោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ។
លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ បន្ទាប់ពីលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩៕