រាជធានីភ្នំពេញ៖ បុគ្គលិកជើងល្អម្នាក់ បានប្រើល្បិចយកលុយក្រុមហ៊ុន ទៅចាយហ៊ឺហាអស់ប្រមាណជាង៣ម៉ឺនដុល្លារ ហើយមិនព្រមយកមកទូទាត់សងក្រុមហ៊ុនវិញ ត្រូវតំណាងក្រុមហ៊ុនចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ។

ករណីចាប់ខ្លួននេះនេះ បានឡើងកាលពី វេលាម៉ោង១៥ និង៣០នាទី ថ្ងៃចន្ទ ១៣កើត ខែជល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនមេឌីវ៉េត ផ្ទះលរច៣២៣ង ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យមាន ឈ្មោះ ភាង សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនមេឌីវ៉េត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់កាកាប ខណ្ឌព្រែកព្នៅ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ប្រាក់ អ៊ីងវង្សធារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិក និងជាតំណាងក្រុមហ៊ុនឯកជនខាងលើ ស្នាក់នៅផ្ទះលេខ១១D ផ្លូវបេតុង ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបន្សល់ទុក ៖ វិក័យប័ត្រមួយចំនួន ។ សម្ភារៈបាត់បង់ ៖ លុយដុល្លារ ៣១.០០០ដុល្លារ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានចូលធ្វើការនៅក្នុងក្រុមហ៊ុនខាងលើ តាំងពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ មកម្ល៉េះ ដោយទទួលការងារជាទីផ្សារ និងបានយកពងមាន់ពីក្រុមហ៊ុនទៅបោះឲ្យម៉ូយនៅតាមទីផ្សារនានា ហើយជនសង្ស័យបានប្រមូលលុយពីម៉ូយ មកឲ្យក្រុមហ៊ុនទេ ដោយប្រាប់ក្រុមហ៊ុនថាម៉ូយមិនទាន់ទូទាត់លុយថ្លៃពងមាន់ឲ្យខ្លួន ។ បន្ទាប់មកខាងក្រុមហ៊ុនបានដឹងថា ជនសង្ស័យបានប្រមូលលុយពីម៉ូយ សរុបចំនួន ៣១.០០០ដុល្លារ តែមិនយកមកទូទាត់ជាមួយក្រុមហ៊ុន ទើបនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង៣០នាទី ជនរងគ្រោះតំណាងក្រុមហ៊ុនខាងលើ បាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បាលទឹកថ្លា និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕