ភ្នំពេញ៖ ជនអនាថាម្នាក់ដើរតែតោលម្នាក់ឯងពេញក្រុងភ្នំពេញ ដោយសារតែចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសថៃច្រើនខែ ចុះទូកនេសាទ ពេលរួចខ្លួនត្រលប់មកដល់ភ្នំពេញ ក្នុងខ្លួនគ្មានលុយមួយរៀល ក៏សម្រេចចិត្តដើរសុំទានគេ និងដើរសុំគេធ្វើការ ពេលឃើញរូបរាងគាត់គ្មានអ្នកណាឲ្យលុយ ឬក៏ឲ្យការងារធ្វើទេ ដោយសារខ្លួនគាត់ស្អុយមិនបានងូតទឹកច្រើនថ្ងៃមកហើយ លុះដើរមកដល់ការដ្ឋានសំណង់មួយនៅជិតវត្តស្វាយពពែ ក៏សុំគេធ្វើការត្រូវគេបដិសេធ និងដេញគាត់ចេញ លុះយប់គាត់ត្រលប់មកម្តងទៀត ដើម្បីសុំទឹកម្ចាស់ការដ្ឋានលាងខ្លួន តែមិនទាន់បាននិយាយផងក៏ត្រូវគេចោទថាចោរ ចាប់វាយទ្រោមខ្លួនតែម្តង។ ហេតុការណ៍នេះដែលបានកើតឡើងកាលពីវេលាម៉ោង៩ នៅចំនុចលេខ77 ផ្លូវ830 ភូមិ7 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនអនាថាដែលគេចោទគាត់ថាជាចោរនោះមានឈ្មោះ សុខ ផាតប៊ុនសា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
តាមសម្តីរៀបរាប់របស់ជនអនាថាបានឲ្យដឹងថា រូបគេទើបតែមកពីស្រុកថៃ ដោយធ្វើការនេសាទ ហើយត្រលប់មកវិញគ្មានលុយមួយរៀលទេ ហើយថែមទាំងមិនបានងូតទឹកច្រើនថ្ងៃ ខ្លួនធំខ្លិនឡើងស្អុយ ក៏សម្រេចចិត្តដើរសុំទានគេ និងដើរសុំគេធ្វើការ រហូតមកដល់ការដ្ឋានសំណង់កើតហេតុខាងលើ បានសុំគេចូលធ្វើការដែរតែគេមិនព្រមទទួល ក៏ដេញគាត់ចេញ លុះយប់កើតហេតុគាត់មិនដឹងទៅណា ក៏ត្រលប់មកវិញម្តងទៀត ដើម្បីសុំទឹកគេនៅការដ្ឋាននោះងូតសម្អាតខ្លួន តែមិនទាន់បានសុំផង គ្រាន់តែឈរនៅមុខនោះ ក៏ត្រូវក្រុមអ្នកធ្វើការនៅក្នុងការដ្ឋានហៅគាត់ឲ្យឈប់ និងសុំឆែកខ្លួន ដោយចោទគាត់ថាជាចោរ ថែមទាំងបាននាំគ្នាព្រួតវាយគាត់ម្តង ។

តាមប្រភពព័ត៌មានពីខាងកម្មករសំណង់នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មូលហេតុដែលរូបគាត់ចោទថាបុរសខាងលើជាចោរនោះគឺដោយសារតែឃើញរូបរាងគួរឲ្យសង្ស័យ ហើយកន្លងមកកន្លែងគាត់ធ្លាប់បាត់របស់របរច្រើន ទើបសង្ស័យបុរសនោះតែម្តង ព្រោះពីព្រឹកគាត់បានដេញចេញទៅម្តងហើយ យប់ក៏ត្រឡប់មកវិញទៀត ទើបពួកគាត់គិតថាបុរសនោះជាចោរ បានឃាត់ខ្លួនហើយជ្រុលដៃវាយម្នាក់មួយដៃមួយជើងទៅ ។

ក្រោយកើតហេតុ បុរសអនាថាខាងត្រូវបានឃាត់ខ្លួនទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បន្ទាប់ពីរកមិនឃើញពីទោសកំហុសព្រោះបុរសនោះមិនបានចូលទៅក្នុងការដ្ឋាននោះទេ ហើយគ្មានអ្នកណាមកប្តឹងទៀត ទើបសមត្ថកិច្ចមូលដ្ឋានអប់រំ បុរសអនាថានោះតាមនិតិវិធីឲ្យត្រលប់វិញទៅ ៕