ខេត្តមណ្ឌលគិរី៖ ករណីអគ្គិភ័យដ៍សាហាវមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នង បណ្តាលឲ្យស្លាប់មនុស្ស០២នាក់ និងរងរបួសស្រាល០២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ។

មន្រ្តីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជនរងគ្រោះដែលស្លាប់២នាក់នោះ ទី១៖ឈ្មោះ ហ៊ាង សម្ផស្ស ភេទស្រី អាយុ១៧ឆ្នាំ និងទី២៖ឈ្មោះ ហ៊ាង ស្រីលីន ភេទស្រី អាយុ១៤ឆ្នាំ។ ក្នុងនោះ ស្រ្តី២នាក់ទៀតដែលរងរបួសស្រាល ត្រូវបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ភេទប្រុស អាយុ៥២ឆ្នាំ។

មូលហេតុបណ្ដាលឲ្យមានអគ្គិភ័យនេះ បណ្តាលមកពីឡានស៊ីទែនដឹកសាំង ចូលមកតទុយោបង្ហូរសាំងដាក់ក្នុងស៊ីទែនរបស់ម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ហៅ អុល ។ ពេលនោះក៏បានខ្ចាយសាំងពីទុយោ ជះ ចូលក្នុងផ្ទះបាយចំទៅលើចង្រ្កានហ្គាស ធ្វើឲ្យមានភ្លើងឆាបឆេះតែម្តង។

ករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង ក្នុងនោះ មានរថយន្តស្នងការដ្ឋានចំនួន០៤គ្រឿង និងអធិការដ្ឋានស្រុកពេជ្រាដា០១គ្រឿង ប្រើប្រាស់ទឹកសម្រាប់ពន្លត់អគ្គីភ័យចំនួន២៥រថយន្ត៕